ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សាលាខណ្ឌជ្រោយចង្វា និងថ្នាក់ដឹកនាំសមាជិកសមាជិកាក្រោមឱវាទ រួមគ្នាដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលក្នុងវត្តអម្ពរផល ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្ដួចផ្ដើមដឹកនាំដោយឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិខណ្ឌជ្រោយចង្វា សរុបបច្ច័យទាំងអស់បានចំនួនជាង៣ម៉ឺនដុល្លារ ។
លោក ឃ្លាំង ហ៊ួត អភិបាលខណ្ឌជ្រោយចង្វា បានមានមតិសំណេះសំណាលជាមួយ លោកយាយ លោកតាដោយក្តីសប្បាយរីករាយក្នុងឱកាសបានធ្វើបុណ្យភ្ជាប់និស្ស័យរួមគ្នាបានចូលរួមចំណែកកសាងព្រះវិហារក៏ដូចជា ការកសាងសង្គមជាតិឲ្យស្ថិតក្នុងការរីកចម្រើនដែលប្រកបដោយសុខសន្តិភាព និងការសាមគ្គីគ្នា។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ និងមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជាកន្លែងស្ងប់អារម្មណ៍សម្រាប់ប្រជាជនទាំងអស់ ជាពិសេសវត្តអារាមគឺជាមជ្ឈមណ្ឌលមួយសម្រាប់ប្រៀនប្រដៅឲ្យមនុស្សចេះស្រលាញ់គ្នា សាមគ្គីគ្នា និងជាកន្លែងអប់រំមនុស្សដ៏សំខាន់ទើបបានព្រះពុទ្ធសាសនាត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាទើបបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សព្រោះប្រទេសជាតិមានស្ថិរភាព សន្តិភាព នយោបាយ ប្រទេសជាតិមានតែមនុស្សមានគុណធម៌ ប្រជាជនមានចិត្តសន្តោសប្រណីគ្នាទៅវិញទៅមក ៕
ដោយ៖ ជ្រោយពេជ្រ