ភ្នំពេញ ៖ កាលពីថ្ងៃម្សិលមិញគណបក្សហ្វ៊ុនស៊ិនប៉ិចបានសម្រេចបង្កើតគណ:កម្មការមួយ បង្កើតឡើងដើម្បីដឹកនាំ និងសម្រេចការងារទូទៅនៅក្នុងបក្ស ក្នុងអំឡុងអវត្តមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅគ្រាដែលសម្តេចកំពុងសម្រាកព្យាបាលរបួសនៅទីក្រុងបាងកក ប្រទេសថៃ ។
នៅក្នុងលិខិត ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ បានអោយដឹងថា គណ:កម្ម ការដែលបង្កើតឡើងនោះ មានសមាសភាព៥រូប រួមមាន ៖
១-លោក យូ ហុក្រី ជាអនុប្រធានបក្ស និងជាប្រធានគណៈកម្មការ
ទី២- លោក ប៉ោ ប៊ុនស្រ៊ី អនុប្រធានបក្ស ជាសមាជិក
៣-លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យ ជាសមាជិក
៤- គឺលោក យឹម សាវី អគ្គលេខាធិការ ជាសមាជិក
៥-លោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងប្រតិបត្តិ ជាលេខាធិការ។
ក្នុងលិខិតបានបញ្ជាក់ថា ការបង្កើតគណ:កម្មការនេះឡើង គឺដើម្បីដឹកនាំគណបក្សហ៊្វុនស៊ុនប៉ិច និងសម្រេចរាល់ការងារទូទៅនៅក្នុងគណបក្ស ។ លិខិតត្រូវបានឡាយព្រះហស្ថពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ ដែលមានគោលការណ៍៤ ចំណុចដូចខាងក្រោម ៖
១.រៀបចំកិច្ចការសំខាន់ៗ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត
២. ពិនិត្យការស្នើសុំតួនាទី ផ្លាស់ប្តូរ និងវិន័យលើសមាជិកគណបក្ស
៣.ដោះស្រាយបាតុភាពផ្សេងៗទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
៤. បំពេញភារកិច្ចផ្សេងទៀត តាមព្រះតម្រិះ សម្តេចក្រុមព្រះ៕ នគរដ្រេហ្គន