កណ្ដាលៈ រថយន្តTOYOTA PRIUS មួយគ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទៅបាត់ ខណៈដែលម្ចាស់បានផឹកស៊ីស្រវឹងក្នុងកម្មវិធីបុណ្យបងប្អូនក្នុងភូមិ រួចចូលដេកដោយទុករថយន្តនៅខាងមុខផ្ទះ ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រី ភិរុណ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់សក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យពុំទាន់ស្គាល់អត្តសញ្ញាណ ។ ទ្រព្យសម្បត្តិបាត់បង់រថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ 2AR-9419 ។
ប្រភពដដែលបន្តថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះជាម្ចាស់រថយន្តបានបើករថយន្តរបស់ខ្លួនពីរាជធានីភ្នំពេញមកស្រុកកំណើតរបស់ខ្លួននៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ដើម្បីមកចូលរួមបុណ្យគម្រប់៧ថ្ងៃរបស់បងប្អូន ។
លុះបើកមកដល់ផ្ទះហើយ ជនរងគ្រោះបានយករថយន្តរបស់ខ្លួនទុកនៅខាងមុខផ្ទះដោយបានចាក់សោរត្រឹមត្រូវផងដែរ រួចដើរចូលទៅក្នុងរោងបុណ្យរហូតមកដល់វេលាម៉ោង១៩ ជនរងគ្រោះក៏បានផឹកស៊ីជាមួយបងប្អូនជាម្ចាស់បុណ្យរហូតដល់ម៉ោង២៣និង០០នាទីយប់ ទើបជនរងគ្រោះទៅដេកលើគ្រែជាមួយពូ ក្នុងរោងបុណ្យនិងបានថ្ពួកសោរថយន្តនៅចង្កេះខោខូវប៊យ រួចដេករហូតដល់ម៉ោង៥និង៣០នាទីទាបភ្លឺទើបភ្ញាក់ដឹងខ្លួនឡើងក៏សម្លឹងមើលទៅរថយន្ត មិនឃើញ មានការផ្អើលឆោឡោដើររករថយន្តតែរកពុំឃើញនោះទេ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវស្វែងរកបន្ត ៕ស្អាងជ័យ
...