ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិព្រែក ឃុំសំរោង ស្រុកភ្នំក្រវាញ និងស្ថាប័នមានសមត្តកិច្ចមួយចំនួនផងដែរនោះបានបង្ហើបឲ្យដឹងថា ឈើប្រភេទប្រណិតនៅក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានបាត់អស់ជាច្រើនត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធផ្ទៃក្នុងនៃមន្រ្តីរដ្ឋបាលព្រៃឈើនេះឲ្យដៃ ខណៈមានស្នាមជីករូងដីក្រោមរបងថ្មលូនចូលដើម្បីលួច។
សេចក្ដីរាយការណ៍ខាងលើបន្តថា ឃ្លាំងទុកឈើនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញដែលបានបាត់ដោយគ្មានមូលហេតុនេះ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយឈើប្រភេទប្រណិតដែលបានបាត់អស់ពីក្នុងឃ្លាំងជាច្រើននោះ គេមិនដឹងបាត់អស់ចំនួនប៉ុន្មាននោះឡើយ គ្រាន់តែគេដឹងថាបាត់ឈើមុខកាត់ធំៗ ហើយក៍មិនដឹងការបាត់នេះនៅវេលាម៉ោងឬថ្ងៃទីប៉ុន្មាននោះដែរ ប៉ុន្តែត្រូវបានគេសង្ស័យអាចបាត់នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះ លុះដល់ថ្ងៃទី២៣ ខែឆ្នាំដដែលទើបបង្កការភ្ញាក់ផ្អើលឡើង នៅគ្រាដែលគេឃើញទ្វារដែកនៃឃ្លាំងទុកឈើមានស្នាមហើប ចំណែករបងថ្មផ្នែកខាងក្រោយឃ្លាំងឈើមានស្នាមជីកលុងដីពីក្រោមផងដែរ ដែលបញ្ហាការបាត់ឈើរបស់រដ្ឋក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ ត្រូវបានគេសង្ស័យមានរនុកក្នុងឲ្យដៃក្រុមចោរ។
ពាក់ព័ន្ធករណីបាត់ឈើក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញខាងលើនេះដែរ លោក នាយសង្កាត់រដ្ឋបាលព្រៃឈើសំរោងបានឆ្លើយតបជាមួយអ្នកសារព័ត៌មាន នគរវត្ត តាមទូរស័ព្ទនាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះថា លោក មិនទាន់បានចុះទៅពិនិត្យនោះទេ សូមសួរទៅប្រធានអង្កភាព(នាយផ្នែក) ដោយឡែក៖ លោក ហង់ វណ្ណថន នាយរង និងជានាយស្ដីទីនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញថា ជាប់ប្រជុំ។
ប្រភពរាយការណ៍ខាងលើបន្តទៀតថា គេមើលឃើញយ៉ាងច្បាស់នៃផ្នែករដ្ឋបាលព្រៃឈើក្រវាញមួយនេះ ភាគច្រើនបិតទ្វាររបងស្ងាត់ជ្រងម់មិនថាថ្ងៃឬយប់នោះឡើយ គ្មានមន្រ្តីរដ្ឋបាលព្រៃឈើឬមេព្រៃធ្វើការនោះទេ មានតែមេព្រៃស្លៀកពាក់សុីវិលជិះរថយន្តប្រដេញយកលុយពីក្រុមជនប្រព្រិត្ត(ដឹកឈើ) នៅលើកំណាត់ផ្លូវជាតិ និងផ្លូវលំដូចស្រម៉ោច ហើយក៍គេនៅចាំបានផងដែរឆ្នាំកន្លងមកក្រោមការគ្រប់គ្រងរបស់លោក ថន ប៊ុនថេត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ និងជាប្រធានស្នាក់ការអង្កការសុីអាយទឹកចេញ នៅផ្នែករដ្ឋបាលព្រៃឈើក្រវាញនេះ ធ្លាប់បាត់ឈើ និងភ្លើងរាលឆាបឆេះអស់ឈើរថយន្តជាច្រើនគ្រឿងដោយគ្មានមូលហេតុផងដែរ ដូច្នេះសូមស្ថាប័នក្រសូងមានសមត្តកិច្ចពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេតាចុះស្រាវជ្រាវ និងធ្វើការពិនិត្យឲ្យបានម៉ត់ចត់ផង ខណៈនាកន្លងមកគេតែងតែឃើញមន្រ្តីជំនាញផ្សេងៗ ពិសេសកងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថធ្វើការបង្រ្កាប់យកមកប្រគល់ឲ្យ ដោយកន្លែងមេព្រៃគ្រប់គ្រងធ្វើឲ្យបាត់ឈើដោយគ្មានមូលហេតុបែបនេះនោះទេ៕ ដោយ បឹុម ពិន