ភ្នំពេញ : មួយព្រឹកមានករណីប្រុសស្រី២នាក់មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ម្នាក់ជាបុរសលោតបានសម្រេច និងនារីម្នាក់ទៀតមិនបានសម្រេចទេត្រូវគេឃាត់ទាន់។ ហេតុការណ៍ទី១បានកើតឡើងកាលពីម៉ោងជិត១១ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វាថ្មី។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេបានជិះកង់ឡើងស្ពានជ្រោយចង្វាពីលិចមកកើត ខណ:មកដល់ជិតកណ្តាលស្ពានបានទុកកង់ចោលហើយលោតទំលាក់ពីលើស្ពានតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ។
ហេតុការណ៍ទី២ បានកើតឡើងនៅលើស្ពានដដែលនៅម៉ោងជាង១១ថ្ងៃខែឆ្នាំដដែល មាននារីម្នាក់មកប៉ងលោតទឹកស្លាប់ខ្លួនតែគេឃាត់ទាន់។ នារីដែលប៉ងសម្លាប់ខ្លួននោះឈ្មោះ ថ.ស.ព អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ។
ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងមានទំនាស់ក្នុងគ្រួសារក៏សម្រេចចិត្តជិះម៉ូតូឌុប មកលោតពីលើស្ពានតែមានសមត្ថកិច្ចនិងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វាឃាត់ទាន់ពេលនាងក៏ផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុនាងត្រូវបានការិយាល័យកិច្ចការនារីជ្រោយចង្វាណែនាំនិងជូនទៅផ្ទះវិញ៕