ខេត្តព្រៃវែង ៖ តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ បាននាំយកថវិការចំនួន១០លានរៀល ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនីម្នាក់ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារាជធានីភ្នំពេញ ។
ក្នុងឱកាសដ៏សោកសៅនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំបច្ច័យចំនួន១០ លានរៀល អង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង និងទឹកក្រូច ៥កេស និងបានសម្តែងការសោកស្តាយបំផុត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពបានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ ។
លោកស្រីក៏បានលើកទឹកចិត្តដល់លោក យាន ចន្តា ត្រូវជាប្តីរបស់ប្រពន្ធដែល ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវរឹងមាំឡើង ហើយបន្ដជីវិតនៅមុខទៀត ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែប្រសើរ ដើម្បីទំនុកបម្រុងកូនដ៏កម្សត់មួយនេះឲ្យបានល្អ ។
គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាច ថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B 8124 ប្តីឈ្មោះចិន្តា អាយុ៣០ឆ្នាំ និងប្រពន្ធ (សព)ឈ្មោះ ម៉ន ពៅ អាយុ២៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ។ អ្នកទាំង២នាក់ មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង ៕