ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយបុរស២នាក់ពេញទំហឹងបណ្តាលរងរបួសធ្ងន់ស្រាល៤នាក់។
ហេយុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍១៦កើតខែបឋមសាឍឆ្នាំចសំរឹទ្ធស័ក ពស២៦៥២ ត្រូវនិងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំណុចគល់ស្ពានអាកាស៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងហុងដាវ៉េវពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ10-9267ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៍ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេរី០១២ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-7531ជិះដោយបុរស២នាក់ធ្វើដំណើរចុះពីលើស្ពានអាកាស៧មករាតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យខាងម៉ូតូសង់រងរបួសស្រាលទាំង២នាក់ចំណែកខាងម៉ូតូបង្កម៉ាកវ៉េវរងបួសធ្ងន់ទាំង២ត្រូវរថយន្តសង្គ្រោះដឹងយកទៅសង្គ្រោះភ្លាម។រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ