ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរស ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមជោគខ្លួនរួមជាមួយម៉ូតូ ១គ្រឿង និងចំនួន ៣នាក់ផ្សេងទៀតបានរងរបួសយ៉ាងដំណុំផងដែរ ត្រូវបានគេសង្ស័យជិះម៉ូតូឌុបគ្នាបុកគូថរថយន្តពីលើកផ្សេងគ្នា។
ហេតុការណ៍សង្ស័យគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ១រោច ខែខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣.៤ ស្ថិតក្នុងភូមិជំរុំសៀម សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B 0700 ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុក៍ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្តង ប៉ុន្តែគ្មាននណាម្នាក់បានឃើញហេតុការណ៍ច្បាស់លាស់នោះឡើយ ហើយតែត្រូវបានគេសង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍(ជិះម៉ូតូបុកគូថរថយន្ត) ខណៈភាគ្គីម្ខាងគ្មានវត្តន៍មាន(គេចបាត់)នៅកន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ទាំង ២នាក់រស់នៅភូមិអូររការ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ នេះបើតាមការឲ្យដឹងពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ដោយឡែក៖ ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នគរបាលស្រុកបាកានបានឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៩ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៣.១៩៤ ស្ថិតក្នុងភូមិ.ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តផងដែរ ដោយបុរសចំនួន ៣នាក់រួមដំណើរគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ 1D 7352 ធ្វើដំណើរក្នុងទិសដៅពីទៅកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគូថរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3C 2579 ដែលកំពុងបែកកង់ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យម៉ូតូកៀបជាប់ជាមួយរថយន្ត បណ្ដាលឲ្យរបួសធ្ងន់ចំនួន ២នាក់ស្រាលម្នាក់ ជនរងរបួសទាំង ៣នាក់រស់នៅភូមិអកជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពទាំងពីករណីខាងលើបន្តទៀតថា ករណីទី១ សាកសពជនរងគ្រោះ និងម៉ូតូ ១គ្រឿងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ចំណែកភាគ្គីរថយន្តកំពុងធ្វើការស្រាវជ្រាវ ករណីទី២ ជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វត្ថុតាងរថយន្ត និងម៉ូតូសមត្តកិច្ចនគរបាលជំនាញ ផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែងដោះស្រាយគ្នាតាមនីតិវិធីនៃផ្លូវច្បាប់៕ ដោយ បឹុម ពិន