លោកឃួង ស្រេង៖ ជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធស្តារ និងកាយពង្រីកប្រឡាយបង្ហូរទឹក ខណៈភ្លៀងយ៉ាងគំហុករយៈពេលប៉ុន្មានថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង វាជាកង្វល់ដ៏ធំមួយ របស់អាជ្ញាធររាជធានី ហើយដើម្បីដោះស្រាយនូវកង្វល់នេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់ចេញជាផែនការជាអាទិភាព ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ ចុះធ្វើកិច្ចការងារស្ដារលូ ប្រឡាយ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិចលង់នេះឲ្យបានប្រសើរឡើង។ ខណៈប៉ុន្មានថ្ងៃជាប់គ្នានេះទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក បានធ្វើឲ្យតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ទទួលរងការលិចលង់ ។ ក្នុងស្ថានភាពបែបនេះលោកឃួង ស្រេង បានដាក់ចេញជាផែនការ ដោយឲ្យមន្ទីរជំនាញ និងអាជ្ញាធរចុះផ្ទាល់ ដើម្បីកាយរំដោះទឹកកុំឲ្យលិចលង់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ខណៈលោក និងមន្ដ្រីជំនាញមន្ទីរសាធារណ​ការក្រុង ចុះពិនិត្យស្ថានភាព លូ ប្រឡាយ នៅខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃព្រហស្បតិ៏ ១រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ២៨ មិថុនា ឆ្នាំ២០១៨ ។

ក្នុងឱកាសចុះពិនិត្យនោះ លោកឃួង ស្រេង បានជំរុញឱ្យមន្ដ្រីជំនាញ ត្រូវបន្ដកាយប្រឡាយ លូ ពិសេស ស្ថានីយ៏ បូម ទឹកនីមួយៗ សំដៅធ្វើយ៉ាងណាដោះស្រាយ បញ្ហាលិច លង់នេះឲ្យបានប្រសើរឡើង។ដូច្នេះ ស្ថានីយ​បូមទឹកកប់ស្រូវ និងបន្តដំណើរមកមើលសកម្មភាពជីក ស្តារ កាយប្រឡាយមេមួយខ្សែ នៅក្នុងខណ្ឌឫស្សីកែវ ប្រមាណ២គីទ្បូរមែត្រទំហំ ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ ដល់មុខហ្គ្រែនភ្នំពេញបន្តទៀត ។

លោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា តបតាមបញ្ជាដឹកនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរធនធានទឹករាជធានីភ្នំពេញ ចុះស្ដារប្រឡាយមេមួយខ្សែ ប្រមាណ២ គីទ្បូមែត្រ ដែលមានទំហំ៦មែត្រ ដោយចាប់ពីផ្លូវជាតិ៥ ដល់មុខហ្គ្រែនភ្នំពេញ ដើម្បីរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរ និងអាជ្ញាធរខណ្ឌដាក់បន្ថែមគ្រឿងចក្រ សំដៅធ្វើយ៉ាងណា ដោះស្រាយការងារនេះ ឲ្យបានលឿននិងទាន់ពេលវេលា។ កន្លងមកនេះ ក្នុងគម្រោងរបស់ រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១៨នេះ ។

តំបន់លិចទឹកទាំង៥កន្លែង ដែលត្រូវដោះ ស្រាយនេះ រួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយ ស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ ទី២-តំបន់មហាវិថីសហព័ន្ធរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀត ទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦,៨ម៉ែត្រ និង ៤,៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួងងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរីសឡា។ ទី៤-គម្រោងស្ថាបនាប្រឡាយបេតុង ស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការ មន ដូនពេញ ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មី ចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ ស្ថានីយ៍បុរី១០០ខ្នង ទី២ ស្ថានីយ៍លូ៥ ទី៣ ស្ថានីយ៍បឹងទំពុន និងទី៤ ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ នូវបានដាក់ចេញជាយុទ្ធនាការស្តារលូ ទាំងខ្នាតតូច និងខ្នាតធំ នៅ៤ខណ្ឌ កណ្តាលក្រុង ដែលមានប្រវែង៤១៨គីឡូម៉ែត្រ ថែមទៀតផងដែរ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print