ដូចអ្វីដែលមេដឹកនាំរុស្ស៊ី លោកពូទីន បានគ្រោងទុក គឺពង្រឹងសមត្ថភាពយោធា និងអភិវឌ្ឍសព្វាវុធឲ្យកាន់តែទំនើប ដើម្បី ការពារដែនអធិបតេយ្យ ទប់ស្កាត់ការគំរាមកំហែងពីលោកខាងលិច។ នៅពេលនេះ អាវុធជាង ៦០ភាគរយបានធ្វើទំនើបកម្ម និងបន្តឲ្យបាន១០០ភាគរយនៅពេលដ៏ខ្លីខាងមុខ។
ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាសឲ្យដឹងថា ការធ្វើទំនើបកម្មលើសព្វាវុធរបស់កងទ័ពរុស្ស៊ី នឹង សម្រេចបាន គោលដៅដែលកំណត់ទុក នៅឆ្នាំ២០២១ គឺរហូតដល់ទៅ ៧០ ភាគរយ នៃចំនួនសព្វាវុធសរុបទាំងអស់។
បើតាមលោក វ៉្លាឌីមៀរ ពូទីន ការធ្វើ ទំនើបកម្មដោយការបំពាក់សព្វាវុធទំនើបៗ និងថ្មីៗនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសរុស្ស៊ី នាពេលនេះគឺសម្រេច បាន ៦០ភាគរយ ហើយ ដោយបុរសខ្លាំង រុស្ស៊ីរូបនេះរំពឹងថា មហាយក្សយោធាលេខ ២ លើលោកមួយនេះ នឹងសម្រេច ដូច គោលដៅកំណត់ទុកឲ្យបាន ៧០ភាគរយ នៅឆ្នាំ២០២១។
បន្ថែមពីខាងលើនេះទៀត លោក ពូទីន បានឲ្យដឹងថា ចំនួននៃបរិក្ខារយោធា និងសព្វាវុធទំនើបៗនៅក្នុងជួរកងទ័ពរុស្ស៊ី នាពេលនេះគឺជិត ៦០ភាគរយ ខណៈ កាលពី៦ឆ្នាំមុន គឺរុស្ស៊ីមានសព្វាវុធថ្មីៗ និងទំនើបៗមិនដល់ ១៦ភាគរយផង នៅក្នុងជួរកងទ័ពរបស់ខ្លួន ដែលប្រការ នេះបានបង្ហាញថា ក្នុងរយៈពេលតែ៦ឆ្នាំ កងទ័ពរុស្ស៊ីមានការអភិវឌ្ឍផ្នែកសព្វាវុធ ខ្លាំងក្លាបំផុត។
គួរជម្រាបថា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននិងកំពុងធ្វើទំនើប កម្មយ៉ាងសកម្ម ទៅលើបរិក្ខារយោធា និង សព្វាវុធរបស់ខ្លួន។ បើតាមគម្រោងវិស័យយោធាសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៧ របស់រុស្ស៊ី ទីក្រុងមូស្គូគ្រោងនឹងចំណាយ លុយ ៣១៨ពាន់លានដុល្លារ ដើម្បីកែលម្អបរិក្ខារក៏ដូចជាសព្វាវុធយោធា៕ ម៉ែវ សាធី