ឯកអគ្គរដ្ឋទូតអាមេរិក៖ អីុរ៉ង់នឹងក្លាយជាកូរ៉េខាងជើងទីពីរ

ចែករំលែក៖

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានចាត់ទុកកិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអីុរ៉ង់ គឺជាការ គំរាមកំហែងដល់សន្តិភាពពិភពលោក ហើយអីុរ៉ង់ អាចក្លាយជាកូរ៉េខាងជើង ទីពីរ។

ការប្រកាសខាងលើរបស់លោកស្រី Nikki Haley គឺបានលើកឡើងនៅក្នុង ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ទៅ កាន់ទីក្រុងញូវដេលីប្រទេសឥណ្ឌា។ សារ ព័ត៌មាន Sputnik បានផ្សាយថា លោកស្រី Halley បានស្នើដល់ឥណ្ឌា និងប្រទេស ផ្សេងទៀតបន្ត ដាក់គំនៀបទៅលើ ប្រទេសអីុរ៉ង់ ដូចដែលបានធ្វើទៅលើ កូរ៉េខាងជើង។
លោកស្រីHalley បាននិយាយនៅក្នុងព្រឹត្តិការណ៍នៅទីក្រុងញូវដេលីថា«ពិភពលោក កំពុងតែប្រឆាំងនឹងអីុរ៉ង់ ផលិត គ្រាប់បែកបរមាណូ ។ យើងជឿជាក់ថា អីុរ៉ង់ គឺជាការគំរាមកំហែង យើងមាន ភស្តុតាងបញ្ជាក់ពីការពិត »។

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពី JCPOA កាលពីខែឧសភា ហើយប្រកាសអនុវត្តដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអីុរ៉ង់ ។នៅ ដើមសប្តាហ៍នេះ អាមេរិកបានស្នើដល បណ្តាប្រទេស ដែលមានទំនាក់ទំនងជា មួយអីុរ៉ង់ ត្រូវតែផ្អាកការទិញប្រេង ចាប់ពី ខែវិច្ឆិកាឆ្នាំ២០១៨ បើមិនដូច្នេះទេនឹងត្រូវដាក់ទណ្ឌកម្មដូចគ្នា។

បើទោះបីមានការគំរាមកំហែងពីអាមេ រិក ប៉ុន្តែឥណ្ឌានៅតែស្ទាក់ស្ទើរ នៅក្នុងការផ្អាកទិញប្រេងពីអីុរ៉ង់ ដោយសារតែតម្រូវ ការថាមពល គឺជាការចាំបាច់ ។ ការពិត រដ្ឋាភិបាលទីក្រុងញូវដេលី កំពុងតែពិភាក្សាលើវិធីសាស្ត្រទូទាត់ប្រាក់ផ្សេងក្រៅពី ប្រាក់ដុល្លារអាមេរិក។

នៅព្រឹត្តិការណ៍ដែលពាក់ព័ន្ធនេះដែរ អីុរ៉ង់បានដំណើរការឡើងវិញនូវរោងចក្រចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូម ក្រោយ អាមេរិកដកខ្លួនពីកិច្ចព្រមព្រៀង ។ កាលពី ថ្ងៃទី២៨ ខែមិថុនា អង្គការថាមពល បរមាណូអីុរ៉ង់ បានប្រកាសថា ប្រទេសនេះបានចាប់ផ្តើមដំណើរការឡើងវិញ នូវរោងចក្រចម្រើនសារធាតុ អ៊ុយរ៉ានីញ៉ូម ក្រោយពីផ្អាក៩ឆ្នាំកន្លងមក។ ការបើក ដំណើរការឡើងវិញដោយសារតែកិច្ចព្រមព្រៀងជាមួយអាមេរិកត្រូវបែកបាក់។

ពាក់ព័ន្ធនឹងការបន្តដាក់ទណ្ឌកម្មអីុរ៉ង់ រុស្ស៊ីនិងចិនបាន រុញកូនអុករបស់ខ្លួន ទៅមុខ ដើម្បីបន្តរកស៊ី ជាមួយអុីរ៉ង់ ដោយផ្ទុយនឹងឆន្ទៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលខ្ទប់ ក្រុងតេអេរ៉ង់ ឲ្យនៅក្នុង ភាពឯកោសេដ្ឋកិច្ច ពេលដែលសហភាព អឺរ៉ុប ខំរក្សាទុកទាំងលំបាកលំបិន ទីផ្សារ អុីរ៉ង់ ដែលជាទីផ្សារអំណោយផលសម្រាប់ខ្លួន។

ការដកខ្លួននៃរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ហែហមទៅ ដោយការវិលត្រឡប់វិញ នៃទណ្ឌកម្មអាម េរិកាំងគួរឲ្យខ្លាច បង្កឡើងជាហានិភ័យហិរញ្ញវត្ថុមិនលេងសើចឡើយ សម្រាប់សហគ្រាសណាដែលចង់បោះទុននៅអុីរ៉ង់ ក្រោយពីបានចុះលើឯកសារប្រវត្តិសាស្ត្រនេះ កាលពីឆ្នាំ ២០១៥។
ខណៈដែលសហគ្រាសពហុជាតិប្រទេសខាងលិច នាំគ្នាដកសន្លឹកបៀខ្លួនចេញពីល្បែងនៅអុីរ៉ង់ រុស្ស៊ីដែលជាសម្ពន្ធមិត្តទីក្រុងតេអេរ៉ង់ ដោយទ្រទ្រង់គ្នាទៅវិញទៅមកនូវចំណងពាណិជ្ជកម្ម ទាំងពេលដែលទណ្ឌ កម្មបស្ចិមប្រទេស ប្រឆាំងអុីរ៉ង់ នៅជាធរ មាននៅឡើយ បានឈានមួយជំហានដ៏ សំខាន់ ទៅបង្ខិតអុីរ៉ង់ មកនៅជិតនឹងលំហ សេដ្ឋកិច្ច ដែលស្ថិតនៅក្រោមឥទ្ធិពល រុស្ស៊ី។

កាលថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា នៅទីក្រុងអាស្តាណា រដ្ឋធានីកាហ្សាក់ ស្ថាន អុីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ជាមួយអង្គការសេដ្ឋ កិច្ចនាំមុខ ដោយរុស្ស៊ី គឺ សហភាពសេដ្ឋ កិច្ចអឺរ៉ុប-អាស៊ី ដែលផ្សំឡើងពី ៥ អតីត សហភាពសូវៀត។ កិច្ចព្រមព្រៀងនេះ ជាដំណាក់កាលទី១ ឆ្ពោះទៅបង្កើតឡើងជាលំហពាណិជ្ជកម្មសេរីអចិន្ត្រៃយ៍ ដែល ប្រមើលសម្រាប់លុបចោល ឬបន្ទាបពន្ធ គយ នៃទំនិញខ្លះ សម្រាប់រយៈពេល ៣ ឆ្នាំសិន។

កិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាប់ ផ្តើមតាក់តែងឡើង តាំងពីឆ្នាំ២០១៦ មកម៉្លេះ គឺនៅមុនបន្តិចពីការដកខ្លួន ចេញ នៃសហរដ្ឋអាមេរិក បង្ហាញឲ្យឃើញពី ចេតនា របស់រុស្ស៊ី ក៏ដូចជា ចិន ក្នុងការពង្រឹងចំណងពាណិជ្ជកម្មជាមួយទីក្រុងតេអេរ៉ង់ ទោះបីទីក្រុងវ៉ាស៊ីនតោន ស្តារឡើង វិញនូវទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។

ដោយថ្កោលទោស ការប្រកាសរបស់ លោក ដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់រុស្ស៊ី ខិតខំ សហការជាមួយសហភាពអឺរ៉ុប ដើម្បី សង្គ្រោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែ ក្នុងឋានៈជាសម្ពន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ រុស្សុី យល់ថា បណ្តាសហគ្រាសរបស់ខ្លួនត្រូវតែមានទីតាំងល្អ ដើម្បីបន្តរកស៊ីជាមួយនឹង អុីរ៉ង់ ចំណែកបណ្តាសហគ្រាសបស្ចិម ប្រទេសដែលជាគូប្រជែងនឹងរុស្ស៊ី នឹង អភ័ព្វជាង សម្រាប់បន្តសកម្មភាព

នៅអុីរ៉ង់ ទោះបីគេបានបោះទុនច្រើនទៅហើយក្តី ក្នុងប្រទេសនោះ។

រីឯប៉េកាំង ដែលត្រូវការប្រេងឆៅ និង ឧស្ម័នរបស់អុីរ៉ង់ ហើយជាដៃគូពាណិជ្ជ កម្មទី១ របស់ទីក្រុងតេអេរ៉ង់ តាមមើលទៅ ក៏មិនខ្វល់ឡើយនឹងទណ្ឌកម្មអាមេរិកាំង ដោយបានតាំងគោលដៅធ្វើវិនិយោគក្រាស់ក្រែលតែម្តង ទៅក្នុងប្រទេសអុីរ៉ង់ ទាំង ប្រថុយបន្តឹងទំនាក់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ដែលតានតឹងស្រាប់ ទៅហើយក្រោយពីអាមេរិក បានដំឡើង ពន្ធគយ លើដែកថែប និង អាលុយមីញ៉ូម នាំចូលពីប្រទេសចិន៕ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print