ខេត្តកំពង់ចាម ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ កាលពីវេលាម៉ោង១៥ និង៦នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានចុះធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការ ពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៥ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ វ៉ាន់ មេសា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១ តាមច្បាប់ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៣ថ្មី នៃច្បាប់ស្តីពីពិសោធនកម្ម ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
នគរបាលស្រុកមេមត់បានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនត្រូវចោទនេះ ជំនាញបានសាង សំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនជនខាងលើទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការ បន្តតាមនីតិវិធី ៕ វណ្ណៈ