ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់សោភា កញ្ញា ចាន់ ស្រីនាថទើបនឹងបញ្ចេញបទចម្រៀងថ្មី”ចង់បានអ្នកកំដរ” ដែលបានចាក់ដោតអារម្មណ៍អ្នកស្តាប់ច្រើនពិសេសក្រុមយុវវ័យ។ នេះគឺជាបទចម្រៀងថ្មីទី៣ហើយដែលនាងបញ្ចេញលើបណ្តាញទំនាក់ទំនងសង្គមហើយទាក់ទាញបានប្រជាប្រិយភាពខ្លាំង។
ទើបចេញបទចម្រៀងថ្មីកាលពីចុងសប្តាហ៍មុន នេះមានយុវវ័យជាច្រើនបានចូលស្តាប់ និងចែករំលែកលើបណ្តាញទំនាក់ទំនងសង្គម។
តារាស្រីរូបនេះបានថ្លែងការភ្ញាក់ផ្អើលជាមួយបទចម្រៀងថ្មីដែលនិពន្ធឡើងដោយ លោកទ្រី សក្កដា ។ នាងថានេះគឺជាបទថ្មីបន្ទាប់ពីបទ”មនុស្សប្រុសគ្មានអ្នកណាស្មោះទេ” និងបទ”ម្នាក់ឯងជាថ្មី”។ តារាស្រីរូបនេះបញ្ជាក់ដែរថា ទស្សនិកជនជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ព្រោះតែអត្ថបន័យបានចាក់ដោតចំបេះដូងពួកគេ ពិសេសសម្រាប់អ្នកមានវិបត្តិស្នេហ៍។ នាងបញ្ជាក់ដែរថាអ្នកដែលចូលមើលនឹងចែករំលែកមិនមែនសុទ្ធតែជាអ្នកខូចចិត្តនឹងរឿងស្នេហាទាំងអស់ទេ ។
នាងមានបំណងផលិតបទចម្រៀងមួយនេះជាMV ឡើង ប្រសិនបើមានការគាំទ្រកាន់តែច្រើននោះ។ នាងបញ្ជាក់ថាបច្ចុប្បន្ននាងមមាញឹកនឹងការច្រៀងប្រចាំនៅបា និងក្លឹបកម្សាន្តមួយចំនួន ហើយនាងក៏ត្រៀមបញ្ចេញបទចម្រៀងមួយចំនួនទៀតដើម្បីឆ្លើយតបតាមការសំណូមពររបស់ទស្សនិកជន៕
ដោយ វឌ្ឍនា