ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមេម៉ាយម្នាក់ បានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់១ខ្នងទាំងស្រុង និង ខូចខាតសម្ភារមួយចំនួន កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ។
ផ្ទះស្ត្រីរងគ្រោះសាងសង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះកូប អាំណះ ភេទស្រី អាយុ៣៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានមុខរបរជាកសិករមានទីលំនៅភូមិ-ឃុំ-ស្រុកកើតហេតុខាងលើ ។ គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួនដូចជា ៖ ម៉ាស៊ីនទូកចំនួន២គ្រឿង និងសម្ភារប្រើ ប្រាស់មួយចំនួនទៀត។
នគរបាលប្រាប់ថា ដោយសារស្ថានភាពផ្លូវមិនអំណោយផល ពោលគឺច្រកចូលតូចចង្អៀត មិនអាចបង្កលក្ខណៈងាយស្រួលដល់កម្លាំងបញ្ជូនរថយន្តពន្លត់អគ្គិភ័យចូលជួយអន្តរាគមន៍បានទាន់ពេលវេលា ទើបបណ្តាលឲ្យផ្ទះ១ខ្នងត្រូវឆាបឆេះអស់ ។ នគរបាលបានបញ្ជាក់ថា មូលហេតុនៃការឆេះផ្ទះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ណាមួយម្ចាស់ផ្ទះបិទទ្វារ ចោលចេញទៅធ្វើចម្ការ ៕ វណ្ណៈ