មណ្ឌលគិរី៖ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្ត មណ្ឌលគិរី លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធអគារសិក្សាសាលារៀន ប្រាយថេន ដែលជាសាលាឯកជនដំបូងគេ នៅស្រុកកែវសីមា ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានគូសបញ្ជាក់ថា សាលា រៀន ប្រាយថេន គឺចាត់ទុកជាសាលាមួយ ដែលជាវិស័យឯកជន ដែលបានរួមចំណែក ជាមួយការកសាងសាលារៀននេះ ដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ សិស្សានុសិស្ស នៅទីនេះផ្ទាល់ ក៏ដូចជានៅតាមសហគមន៍ផងដែរ។
ឯកឧត្តម បញ្ជាក់ថា ការរីកចម្រើននូវវិស័យអប់រំ វិស័យសុខាភិបាល ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្សនេះ រួមទាំងប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នេះដោយសារក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
ជាងនេះទៅទៀត ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រាវចំពោះឯកឧត្តម ឧកញ៉ា កែវ ឡា ដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត បានធ្វើឱ្យវិស័យអប់រំនៅស្រុកកែវសីមា មានការរីកចម្រើន។ ឯកឧត្តម បានណែនាំដល់មាតាបិតា ឫអាណាព្យាបាលទាំងអស់ ត្រូវជម្រុញឱ្យកូនៗ ចូលរៀនបានគ្រប់ៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ដើម្បីឱ្យក្មួយៗសិស្សានុសិស្សមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបន្តសិក្សានៅវិទ្យាល័យ ឫមហាវិទ្យាល័យបន្ថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យមានការរីកចម្រើនបន្ថែមទៀត។
តំណាងសាលារៀន ប្រាយថេន លោក ហម សម្បត្តិ បានឱ្យដឹងថា អគារសិក្សាសាលារៀន ប្រាយថេន បានកសាងតាំងពីឆ្នាំ២០១៧ ដែលមានទំហំ ទទឹង៧ម៉ែត្រ បណ្តោយ៤៥ មាន០៨បន្ទប់។
លោក បន្ថែមថា ចំពោះការបង្រៀន គឺផ្នែកចំណេះដឹងទូទៅ គឺភាសាខ្មែរ និងភាសាអង់គ្លេស ហើយបង្រៀនចាប់ពីមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៦ បច្ចុប្បន្ននេះសិស្សានុសិស្សបានចូលរៀនប្រមាណជា៥០០នាក់ផងដែរ៕ដោយ ! មាស សុផាត