ប៊ែលធី ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី ”គណនាលេខរហ័ស”IMA (អាយអ៊ឹម អេ) ធំបំផុតពីប្រទេសម៉ាឡេស៊ី

ចែករំលែក៖

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ប៊ែលធី គ្រុប ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី”គណនាលេខរហ័ស” IMA (INTELLIGENT MENTAL-ARTHEMATIC)ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្រោម​អធិបតី​ភាព​​ឯក​ឧត្តម​ បណ្ឌិត លី​ ឆេង​ អគ្គ​នាយកប៊ែលធី​គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ​​​​​​​​​​​​​​ និងលោក សេម តៃនាយកគ្រប់គ្រង ក្រុមហ៊ុន IMA Education Group នៃប្រទេសម៉ាឡេស៊ី។

​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអោយដឹងថា ៖ ប៊ែលធី គ្រុប ទទួលបានសិទ្ធិផ្តាច់មុខលើកម្មវិធី”គណនាលេខរហ័ស” IMA ធំបំផុតពីប្រទេសម៉ាឡេស៊ី ក្នុងការអប់រំ និង ផ្តល់ចំណេះដឹងលើកម្មវិធី INTELLIGENT MENTAL-ARTHEMATIC ដែលជាកម្មវិធីដ៏ល្បីល្បាញបំផុតក្នុងប្រទេសម៉ាឡេស៊ី ដែលមានកិច្ចសហប្រតិបត្តិការ ១៦ប្រទេសលើពិភពលោក។ ការសិក្សាវគ្គ អាយ អ៊ឹម អេ នឹងជួយដល់ការបង្កើនល្បឿននៃការគិតលេខ និង អភិវឌ្ឍក្នុងការប្រើប្រាស់ខួរក្បាលរបស់កុមារអោយមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និង ឆាប់រហ័ស តាមរយៈការប្រើប្រាស់ឧបករណ៍ក្បាច់ (Abacus)​ និង បច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប។

​បន្ទាប់មក​លោក សេម តៃ នាយកគ្រប់គ្រង ក្រុមហ៊ុន IMA Education Group បាន​មានប្រសាសន៍ថា៖​ លោក​ពិតជាមាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែលបានផ្តល់សិទ្ធិផ្តាច់មុខជូនប៊ែលធី​ គ្រុប ព្រោះប៊ែលធី​ គ្រុបជាក្រុមហ៊ុន​មួយ ​​ដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។​ លោក សេម តៃ បានបន្តទៀតថា កម្មវិធីគណនាលេខរហ័សIMAនេះ បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ និងមានមជ្ឈមណ្ឌលគណនាលេខរហ័ស IMA ជាង ៨០ កំពុងប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ី និងមានជាង ១៥០មជ្ឈមណ្ឌលទៀត កំពុងប្រតិបត្តិការនៅទូទាំងពិភពលោក។​

ក្រុមហ៊ុន IMA Education Group បាននឹងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុង ការអភិវឌ្ឍន៍ការគិត និងការពង្រឹងចំណេះដឹងរបស់កុមារលើការសិក្សា និងការរស់នៅ ជាពិសេស ការគណនាលេខរហ័សតាមរយៈការបណ្តុះបណ្តាលនៅកម្មវិធី IMA ទាំងក្នុងប្រទេស និងទូទាំងពិភលោក។ លោក សេម តៃ បានបន្ថែមទៀតថា ចក្ខុវិស័យរបស់IMA គឺ ធ្វើយ៉ាងណាឱ្យក្លាយទៅជាអង្គភាព ដែលឈានមុខក្នុងការផ្តល់នូវការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ ចំណេះដឹង និងពិគ្រោះយោបល់នៅទូទាំងពិភពលោកក្នុងការអប់រំកុមារតាមរយៈការប្រើឧបករណ៍ក្បាច់ (Abacus) និង ​បច្ចេកទេសបង្រៀនបែបវិទ្យាសាស្រ្តទំនើប ជាពិសេសបន្តកិច្ចសហប្រតិបត្តិការនៅបណ្តាលប្រទេសដ៏ទៃទៀត។

​ក្នុង​ឱ​កាស​នោះ​ដែរ ឯក​ឧត្តម​ បណ្ឌិត លី​ ឆេង​ អគ្គ​នាយក​ ប៊ែលធីគ្រុប បាន​មានប្រសាសន៍ថា៖ ​ថ្ងៃ​នេះ​ ប៊ែលធី គ្រុប បាន​ចុះ​ MOU បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹងក្រុមហ៊ុន IMA Education Group ដែលជាកម្មវិធីគណនាលេខរហ័ស មកពីប្រទេសម៉ាឡេស៊ី។ ការចុះ MOU នេះ ភាគីទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត​ និងការសហការគ្នាយ៉ាងល្អក្នុងការលើកកម្ពស់ការអប់រំ ជាពិសេស IMA នឹងជួយឱ្យសិស្សានុសិស្សប៊ែលធី មានការវិវឌ្ឍផ្នែកខួរក្បាលកាន់តែឆ្លាតវៃ ហើយមានសមត្ថភាព និងជំនាញខ្ពស់ក្នុងការគិត គណនា ដោះស្រាយលំហាត់គណិតវិទ្យាបានត្រឹមត្រូវ និងឆាប់រហ័ស ដែលធ្វើឱ្យសិស្សរបស់យើងទទួលបាននូវ​​ចំណេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជា​អ្នក​ដឹក​នាំដ៏ល្អទៅថ្ងៃអនាគត។​

ជា​ទី​បញ្ចប់​ ឯក​ឧត្តម បណ្ឌិត​ លី ឆេង​ និងលោក សេម តៃ​បាន​ចុះ​ MOU ​ ​និង​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ ជូន​គ្នា​ទៅ​វិញ​ទៅ​មកនា​ពេល​នោះ​ផង​ដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print