ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ខណៈដែលរូបគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងការដ្ឋានសំណង់មួយកន្លែង ។
កាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម៧ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងជនសង្ស័យមានឈ្មោះ ស្រេង ហុក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកដើមបណ្តឹងមានឈ្មោះ ម៉ន ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅចំណុចកើតហេតុ ។
ប្រភពពីដើមបណ្តឹងបានអោយដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រមាណ៤ និង៣០នាទីទៀបភ្លឺគាត់បានដើរទៅខាងក្រោយការដ្ឋានពេលនោះក៏លឮសម្លេងក្រេកក្រោកនៅជាន់ទី២នៃសំណង់ ហើយក៏ដើរឡើងទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានចំនួន៣ដុំហើយក៏ចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីតែម្តង។ សម្ភារៈដកហូតមានកូនសោរ១ កន្ទ្រៃ១ និងខ្សែភ្លើងដែលជនសង្ស័យលួចកាត់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបញ្ជួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ តុង សីហា