ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ រួមជាមួយក្រុមប្រឹក្សា គណៈអភិបាលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមមាននគរបាល កងរាជអាវុធហត្ថ យោធភូមិភាគពិសេស សណ្តាប់ធ្នាប់ និងសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ សរុបចំនួន ប្រមាណ ៣០០នាក់ បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋក្នុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ លើផ្ទៃដីស្រែប្រមាណ ២ហិកតា ។
លោកអភិបាលខណ្ឌបានឲ្យដឹងថា ការដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនខណ្ឌ ដោយឆ្លៀតពេលមមារញឹកពីការងារស្នូល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន មកជួយច្រូតស្រូវជូនប្រជាពលរដ្ឋក្នុងឱកាសនេះ គឺដើម្បីជួយលើកទឹកចិត្តដល់ប្រជាកសិករក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឲ្យខិតខំបង្កបង្កើនផលឲ្យបានច្រើន និងឲ្យអស់ពីលទ្ធភាព លើផ្ទៃដីបង្កបង្កើនផលដែលមាន ដោយសារប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ ភាគច្រើនប្រកបមុខរបរកសិកម្ម ហើយរដ្ឋបាលខណ្ឌតែងយកចិត្តទុកដាក់ជំរុញការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ តាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រ ការបូមទឹកសង្គ្រោះស្រូវ ការជំរុញឲ្យមានការបង្កើតជាសហគមន៍ដាំដុះ និងសហគមន៍ចិញ្ចឹមសត្វ នៅតាមមូលដ្ឋាន ស្របតាមមតិដឹកនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជាពិសេសអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែបានណែនាំដល់មន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់គិតគូរដល់ការលំបាក និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។
បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ស្រែ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខណ្ឌ ជាពិសេសលោកអភិបាលខណ្ឌ ដែលបានដឹកនាំមន្ត្រីរាជការ យុវជន និងកងកម្លាំងទាំងអស់ ចុះមកជួយច្រូតស្រូវរបស់ពួកគាត់ ដោយសារពួកគាត់ពុំមានកម្លាំងពលកម្មគ្រប់គ្រាន់ ហើយនៅថ្ងៃនេះអាជ្ញាធរខណ្ឌបានជួយបង្ហើយស្រែរបស់ពួកគាត់បានរួចរាល់ ៕
...
ដោយ៖ ភារ៉ា ដង្កោ