ខេត្តកណ្ដាល ៖ រថយន្តធុនកូរ៉េមួយគ្រឿង ផ្ទុកទៅដោយកម្មកររោងចក្រពេញព្រៀប បាន ក្រឡាប់ ដែលគេបានសង្ស័យទៅលើអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ជែងក្នុងស្ថានភាពផ្លូវមិនអំណោយផល បណ្តាលឲ្យកម្មករជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ នៅម្តុំផ្សារកា ស្ថិតក្នុងភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុរថយន្ត១គ្រឿងប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ ខៀវ ពាក់ស្លាកលេខតាកែវ2A-2203 ដឹកកម្មកររោងចក្រជាង២០នាក់ ឆ្ពោះទៅរោងចក្រ នៅឯរាជធានីភ្នំពេញ ។ លុះបើកមកដល់ចំណុចកើតហេតុ អ្នកបើកបរបានជែងរ៉ឺម៉កមួយ គ្រឿងនៅខាងមុខ តែមិនផុត ក៏បួងចង្កូតជ្រុលធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យ កម្មករជិះលើរថយន្ត រងរបួសធ្ងន់ស្រាលរហូតជាង២០នាក់ ។
នគរបាលបញ្ជាក់ថា នេះគ្រាន់ជាព័ត៌មានបឋមទេ ព្រោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនរងគ្រោះ បន្ទាប់ពីពួកគាត់ត្រូវបានរថយន្តសង្រ្គោះជាច្រើនគ្រឿងមកពីតាមបណ្តាល អង្គភាពមន្ទីរពេទ្យនានា និងមណ្ឌលសុខភាពផ្សេងៗគ្នា មួយចំនួនទៀតបានដឹកបញ្ជូនទៅមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញ ៕ ជាយក្រុង