ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ នាឱកាសសម្តេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមថ្លែងសុន្ទរកថា នៅវេលាម៉ោង ៨និង១៤នាទីទៅកាន់បងប្អូន កូនក្មួយ ជាកម្មករ កម្មការិនីសរុប ២៧,៥២៩នាក់ មកពីរោងចក្រចំនួន២៥ នៅក្នុងស្រុកអង្គស្នួល។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះប្រទេសកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រតោកយ៉ាកទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាពលរដ្ឋក៏បានប្រែប្រួលខុសពីអតីតកាល ដែលរកតែស្បែកជើងពាក់មិនចង់បានផងនោះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសង្គ្រាមឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ។ ប៉ុន្តែជាអកុសលសង្គ្រាមនេះ បានបំផ្លេចបំផ្លាញកម្ពុជាគ្មានសល់ កម្ពុជាបានប្រឹងប្រែងងើបឡើងទាំងលំបាក។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីស្តារប្រទេសឡើងវិញ រួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលមកជាថ្មី។ សម្តេចតេជោ« នេះជាមរតក និងសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋក្នុងសម័យបច្ចុប្បន្ន»។

-សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរទៅកាន់អ្នកដែលអន្ទោសអង្អាប់សម្តេច «ជាមនុស្សល្ងង់» ថា តើមនុស្សល្ងង់ម្នាក់អាចដឹកនាំតស៊ូរំដោះប្រទេសបានដែរឬទេ? បើជាមនុស្សល្ងង់ តើអាចធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រដល់ពេលបច្ចុប្បន្នដែរឬទេ?

-សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះការស្រឡាញ់រាប់អាន និងការសម្តែងនូវភាពរ៉ាក់ទាក់របស់កម្មករ កម្មការិនី ដែលនេះជាថាមពលដ៏ខ្លាំងក្លាសម្រាប់ការបន្តដឹកនាំប្រទេស និងយកខ្លួនពាំងការពារសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជន។

-សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកលើកឡើងថា ចំណូលជាតិបាត់បង់រហូតដល់ទៅ ៧៥ភាគរយ តើប្រទេសជាតិអាចរីកចម្រើនទៅរួចដែរឬទេ?

-សម្តេចតេជោ បានលើកឡើងថា ពេលការបោះឆ្នោតជិតមកដល់មានអ្នកសន្យាបែបនេះ ឬបែបនោះ តែត្រូវចោទសួរថា តើការសន្យានោះអាចធ្វើបានដែរឬទេ? ខណៈដែលកម្ពុជាកំពុងទទួលបានសមិទ្ធផលជាច្រើននៅក្នុងដៃរួចទៅហើយនោះ។

-ពាក់ព័ន្ធនឹងហ្នឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវរឿងអប់រំមួយថា សត្វឆ្កែ ដែលកំពុងពាំសាច់មួយដុំនៅក្នុងមាត់ ប៉ុន្តែនៅពេលវាពាំសាច់នោះទៅឆ្លុះក្នុងទឹក ស្រាប់តែឃើញ ស្រមោលសាច់ក្នុងទឹកធំជាងសាច់នៅក្នុងមាត់ ក៏ទម្លាក់សាច់ក្នុងមាត់ចោល ចង់ស្រវាយកសាច់ស្រមោលក្នុងទឹក តែទីបំផុតបាត់បង់សាច់នៅក្នុងមាត់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួល របស់កម្មករ កម្មការិនី និងប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការមិនមែនស្ថិតនៅត្រឹមប៉ុណ្ណេះទេ ពោលនៅពេលដែលកម្រិតសេដ្ឋកិច្ចជាតិក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ នោះប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍កាន់តែឡើងខ្ពស់។

-សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ៖ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍នឹងកើនឡើងរាល់ឆ្នាំមិនស្ថិតនៅត្រឹងមួយកន្លែងនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ការបង្កើតកំពង់ផែ បង្កើតផ្លូវ បង្កើតថាមពលអគ្គិសនី ដើម្បីតម្លៃអគ្គិសនីចុះទាប គឺដើម្បីទាក់ទាញអ្នកវិនិយោគ ដើម្បីឲ្យអ្នកវិនិយោគមានផលចំណេញ ហើយផលចំណេញពីការរកស៊ីនោះ នឹងជួយប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីបានកាន់តែខ្ពស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចជាប្រមុខបានយកជីវិតធ្វើជាដើមទុនដឹកនាំចលនារំដោះជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ បន្ទាប់មកត្រូវប្រឹងប្រែងទប់ស្កាត់ការពារមិនឲ្យរបបប្រល័យពូជសាសន៍វិលមកវិញ ហើយម្ខាងទៀតត្រូវប្រឹងប្រែងស្តារប្រទេសឡើងវិញ។

-សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាមានតែបាតដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរបស់បក្សប្រឆាំងនោះឡើយ។ បក្សប្រឆាំងបានត្រឹមតែរារាំងមិនឲ្យមានការទិញផលិតផលរបស់កម្ពុជា និងមិនឲ្យបរទេសផ្តល់ជំនួយមកឲ្យកម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានជាអ្នកវិនិយោគបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គ្រាដែលមានតម្លៃប្រាក់ឈ្នួលខ្ពស់ជាងបណ្តាប្រទេសមួយចំនួន មានតម្លៃដឹកជញ្ជូន និងតម្លៃអគ្គិសនីថ្លៃជាងបណ្តាប្រទេសមួយចំនួន? សម្តេចបានបញ្ជាក់ថា កត្តាទាក់ទាញទី១ គឺកម្ពុជាមានសុខសន្តិភាព និងស្ថេរភាព និងកត្តាមួយទៀត គឺកម្ពុជាមានកម្លាំងពលកម្មជំនាញអាចបំពេញនូវស្តង់ដារគុណភាពផលិតផល។

-សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ព្រោះតែការ «ដូរៗ» ដោយមិនបានពិចារណាទសវត្សរ៍ឆ្នាំ៧០ បានធ្វើឲ្យកម្ពុជារលំរលាយ។ សម្តេចលើកឡើងថា មួយថ្ងៃជយោសម្តេច នរោត្តម សីហនុ ហើយមួយថ្ងៃទៀត ដូរសម្តេច នរោត្តម សីហនុ ទីបំផុតកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងជាថ្ងៃអបអរខួបគណបក្សប្រជាជនកម្ពុជាផងនោះ សម្តេចនឹងប្រកាសបង្ហាញនូវគោលនយោបាយមួយចំនួនសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយចោលទេ សង្គ្រាមនៅកម្ពុជាមិនអាចគេចផុតនោះឡើយ។ សម្តេចតេជោថា គេធ្វើនយោបាយដើម្បីបង្រួបបង្រួមជាតិ តែបក្សសង្គ្រោះជាតិធ្វើនយោបាយបំបែកបំបាក់ជាតិ។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបន្តដឹកនាំប្រទេសយ៉ាងតិច១០ឆ្នាំ ដើម្បីចាំការពារប្រទេសពីការប៉ុនប៉ងបំបែកបំបាក់របស់ក្រុមបក្សប្រឆាំងដែលត្រូវបានរំលាយ។ សម្តេចបន្តថា ដរាបណាអតីតមេបក្សប្រឆាំងមួយនេះ នៅតែមានវត្តមានសម្តេចនៅតែបន្តដឹកនាំការពារប្រទេសមួយនេះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសុខសាន្តនៅតាមរោងចក្រ គឺជាបំណងប្រាថ្នារបស់សម្តេច!!!

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំទៅ ប្រេដអាដាមថា កម្ពុជាមិនស្ថិតនៅក្រោមច្បាប់របស់បរទេសណាមួយនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន៖ គ្មានបរទេសណាមកបញ្ជាខ្មែរ ឬប្រើខ្មែរឱ្យធ្វើនេះធ្វើនោះឡើយ….!!! ខ្ញុំសូមប្រាប់ឱ្យច្បាស់ថា ទោះអ្នកឯងជាមន្ត្រីUNក៏ដោយ បើខ្ញុំមិនឱ្យVISAទេ អ្នកឯងមិនអាចចូលកម្ពុជាបានឡើយ….!!!!

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំទៅ ប្រេដអាដាមថា៖ កម្ពុជាមិនមែនមានតែទាហាន១២នាក់នោះឡើយ គឺមានជាង១៥មុឺននាក់ បូករួមទាំងទាហាន និងនគរបាល។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ព្រោះតែបរទេសតាំងខ្លួនជាម្ចាស់របស់ខ្មែរនោះហើយ ទើបធ្វើឲ្យខ្មែរស្លាប់អស់រាប់លាននាក់ពីអតីតកាល ខ្មែរបច្ចុប្បន្នមិនអនុញ្ញាតឲ្យបរទេសធ្វើជាម្ចាស់, ..!!!…

-សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ មេត្តាលក់ម៉ោងឱ្យគ្រប់គណបក្សនយោបាយទាំងអស់។ គណបក្សប្រជាជនកម្ពុជា បានជួលម៉ោងស្ទើរគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ លើកលែងតែទូរទស្សន៍ជាតិកម្ពុជា ទទក…!!!

-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់មន្រ្តីរាជការទាំងអស់មិនត្រូវប្រើទ្រព្យសម្បត្តិរបស់រដ្ឋទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ,

-សម្តេចតេជោ បន្ថែមថា សម្រាប់ទូរទស្សន៍ជាតិ គឹត្រូវផ្តល់ម៉ោងស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយទាំងអស់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

-សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រជាពលរដ្ឋថា ប័ណ្ណព័ត៌មានស្តីពីការបោះឆ្នោតមិនអាចយកទៅបោះឆ្នោតបាននោះឡើយ ពោលមានតែអត្តសញ្ញាណប័ណ្ណទើបអាចបម្រើដល់ការបោះឆ្នោតបាន។

-សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចនឹងចេញសារាចរណ៍ណែនាំមួយជូនដល់ប្រជាពលរដ្ឋសម្រាប់ថ្ងៃបោះឆ្នោត ដែលធ្វើតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួបរួមគ្នាធ្វើយ៉ាងណាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ ដោយមិនត្រូវឲ្យមានការផិតភ័យណាមួយដល់ប្រជាពលរដ្ឋនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតបក្សណាឈ្នះឆ្នោតជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់គឺជាតិទាំងមូលបានឈ្នះតាមរយៈនៃការរៀបចំការបោះឆ្នោតមួយប្រកបដោយជោគជ័យ។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ចប់ការថ្លែងសន្ទរកថា នៅវេលាម៉ោង៩ និង៥២នាទីមុននេះបន្តិច។

-សូមបញ្ជាក់ផងដែរថា៖ ជំនួបសំណេះសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅក្នុងខេត្តកណ្តាលនាថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី៤៩ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកនោះ។ ជំនួបទាំង៤៨លើកនេះ មានកម្មករ កម្មការិនីចូលរួមសរុប ៦៨១,៦៣៣នាក់៕ (ភ័ណ្ឌ សុផល)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print