សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតសាច់ប៉ាតេ ភ្នំពេញ៣១០ គ្មានគុណភាពត្រឹមត្រូវតាមស្តង់ដារ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានចុះត្រួត ពិនិត្យទីតាំងសិប្បកម្មផលិតសាច់ប៉ាតេភ្នំពេញ៣១០មួយកន្លែងស្ថិតក្នុងភូមិគ្រឹះដ៏ធំដែលគេសង្ស័យនិងពលរដ្ឋនិយាយតៗគ្នាថា ការផលិតល្បាយផ្សំឡើងគ្មានគុណភាព ត្រឹមត្រូវតាមស្តង់ដារកាលពីថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨វេលាម៉ោង១១ព្រឹកនៅតាម បណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ ។

ការចុះត្រួតពិនិត្យទីតាំងខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយដែលមាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព សង្គម សហការជាមួយមន្ត្រីកាំកុងត្រូល ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញក្រោយពីមានការសង្ស័យការផលិតសាច់ប៉ាតេរបស់សិប្បកម្មយីហោ ភ្នំពេញ៣១០មានរូបធាតុផ្សំសារធាតុគីមី ផ្សំឡើងសាច់គ្មានគុណភាពទើបកម្លាំង ចម្រុះមានមន្ត្រីកាំកុងត្រូល និងសមត្ថកិច្ច ជំនាញរួមទាំងអាជ្ញាធរភូមិចូលរួមត្រួត ពិនិត្យផង​ដែរ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ តាំង វួចម៉េង ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់ នៅទីតាំងខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាម កំណត់ហេតុត្រួតពិនិត្យលិខិតអនុញ្ញាត បើកសហគ្រាសឈ្មោះប៉ាតេភ្នំពេញសញ្ញា៣១០បានឃើញថា ១-វិញ្ញាបនបត្រត្រួតពិនិតផ្ទៀងផ្ទាត់ផលិត និងទំនិញវេចខ្ចប់ ផុតសុពលភាព, ២-អត់មានវិញ្ញាបនបត្រ វិភាគចាប់ពីខែកក្កដា ឆ្នាំ២០១៧, ៣- គ្មាន ចុះបញ្ជីផលិតផល (ចបផ) ចំពោះផលិតផលសាច់ចិញ្រា្ចំនិងផលិតផលប័រ, ៤-ការ វេចខ្ចប់ និងការដឹកជញ្ជូនមិនមានលក្ខណៈ បច្ចេកទេសត្រឹមត្រូវតាមច្បាប់ និង៥-លើក ស្លាកយីហោមិនទាន់បានត្រឹមត្រូវ ។

សមត្ថកិច្ចបានបន្តថា ក្រោយពីកម្លាំង ជំនាញបានពិនិត្យរួចគេមិនទាន់ដឹងថា ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេភ្នំពេញ ៣១០នោះគ្មានគុណភាព ឬយ៉ាងនោះទេ ព្រោះសមត្ថកិច្ចកាំកុងត្រូលកំពុងយកទៅពិនិត្យបន្ត ហើយបើរកឃើញថា មានសារ ធាតុគីមីនោះទីតាំងខាងលើនេះនឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print