ខេត្តកណ្តាល-កំពង់ឆ្នាំង៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារបូមទឹកបញ្ចូលអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រ សម្រាប់បម្រើដល់ការងារបង្កបង្កើនផលស្រូវនៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ។
លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា គិតមកដល់ពេលនេះ ក្រសួង និងមន្ទីរធនធានទឹក បាន និងកំពុងប្រតិបត្តិការបូមទឹកបញ្ចូលអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រព័ន្ធស្រោចស្រពនានា សម្រាប់បម្រើដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តចំនួន ១៤ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូច-មធ្យម-ធំ ស្ថានីយ៍បូមទឹកតេជោសែន និងម៉ាស៊ីនបូមទឹករបស់សហគមន៍ទំនប់ដោយក្រសួងជាអ្នកឧបត្ថម្ភប្រេង សរុបជាង ៣០០ គ្រឿង ។
លោកស្រី សេង វណ្ណសាយ បានបន្តថា សម្រាប់ខេត្តកណ្តាល មកដល់ពេលនេះ គឺយើងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២៨ គ្រឿង និងម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ សរុបចំនួន ៤២គ្រឿង សម្រាប់ដំណើរការបូមទឹកបំពេញអាងស្តុកទឹក និងបឹង-ព្រែកធម្មជាតិ សរុបចំនួន ២៩ កន្លែង ក្នុងស្រុកពញាឮ ខ្សាច់កណ្តាល មុខកំពូល និងស្រុកកៀនស្វាយ ។
លោកស្រីបានបន្តថា ចំណែកខេត្តកំពង់ឆ្នាំង គឺយើងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុប ចំនួន ២៣ គ្រឿង និងម៉ាស៊ីនរបស់សហគមន៍ទំនប់ សរុបចំនួន ១០៨ គ្រឿង សម្រាប់ដំណើរបូមទឹកបំពេញអាងស្តុកទឹក បឹង-ព្រែកធម្មជាតិ និងប្រឡាយមេ សរុបចំនួន ២០ កន្លែង ក្នុងស្រុកជលគិរី កំពង់លែង កំពង់ត្រឡាច រលាប្អៀរ និងក្រុងកំពង់ឆ្នាំង ។
លោកស្រី សេង វណ្ណសាយ បានបន្ថែមថា ក្រសួងធនធាទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី លឹម គានហោ បាន និងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជារបស់សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាទឹកដល់កសិករ ដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងកង្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការ ៕
ដោយ៖ សុខ ខេមរា