ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធរបស់ខ្លួន បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ករណីហិង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនសង្ស័យជាប្តីមានឈ្មោះ សុខ វណ្ឌី ហៅមិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកលក់កាហ្វេ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ហួន ម៉ាលីន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់កាហ្វេ ។ ជនសង្ស័យនិងស្ត្រីរងគ្រោះរស់នៅផ្ទះជាមួយគ្នាក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានយកលុយទៅបង់ការប្រាក់នៅធនាគារស្ថាបនាសាខាស្រុកល្វាឯម បន្ទាប់ពីបង់ការប្រាក់រួចរាល់ក៏បានត្រឡប់ទៅផ្ទះវិញជាធម្មតា ។ ពេលដល់ផ្ទះស្ត្រីជាប្រពន្ធបានឡើងទៅអង្គុយបាយនៅលើគ្រែខាងមុខផ្ទះរបស់ខ្លួន ខណៈនោះជនសង្ស័យជាប្តីបានទៅជិតហើយបាននិយាយរអ៊ូរទាំរឿងជំពាក់ប្រាក់គេច្រើន រហូតកើតជាជម្លោះពាក្យសំដំគ្នាជាមួយស្ត្រីជាប្រពន្ធយ៉ាងតឹងសសៃ.ក ។
ប្រភពដដែលបានបន្តថា ក្នុងជម្លោះគ្នានោះដែរជនសង្ស័យជាប្តីបានជេរប្រមាថទៅលើស្ត្រីជាប្រពន្ធថែមទាំងបានយកផ្លែចេកជាច្រើនផ្លែគុបប្រហារ និង ទះកំផ្លៀងទៅលើស្ត្រីជាប្រពន្ធជាច្រើនកំផ្លៀង រហូតធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំមិនបានក៏យកកាំបិតប៉័ងតោគុបទៅលើប្តីវិញ តែគុបមិនត្រូវនោះទេ ។ ធ្វើឲ្យបុរសជាប្តីផ្ទុះក្តីខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះចូលទៅដាល់ ទាត់ ធាក់ និងទះកំផ្លៀងទៅលើផ្ទៃមុខ និងរាងកាយស្ត្រីជាប្រពន្ធជាច្រើនដៃ នៅតែមិនអស់ចិត្តចាប់ឡើងជង្គង់ដូចកីឡាប្រដាល់ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ដោយសារតែទទួលយកការប្រមាណវាយដំច្រមធាក់ពីសំណាក់បុរសជាប្តីលែងបាន ស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួន ប្តីកំណាចនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ