ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋក្មួយ ៗសិស្សានុសិស្ស ដែលជួបការលំបាកធ្វើដំណើរឆ្លងកាត់ស្ពានចាស់ទ្រុធទ្រោមនៅស្រុកស្វាយទាប មានការសប្បាយចិត្តនិងសាទរយ៉ាងខ្លាំងដល់អាជ្ញារធរខេត្តស្វាយរៀងកំពុងសាងសង់ស្ពាន ចំនួន ២កន្លែង ដើម្បីងាយស្រួលក្នុងការដឹកកសិផលនិងប្អូនៗឆ្លងទៅសាលារៀននិងប្រកបមុខរបរផ្សេងៗនិងចំណេញពេលវេលាច្រើន។
យោងតាមមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថាស្ពាន២កន្លែងក្នុងស្រុកស្វាយទាប ៖
១- ស្ពានដាឡូព្រែកតានូ ស្ថិតនៅភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប មានបណ្តោយ ៨ម៉ែត្រ ជាថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ។
២- ស្ពានតាភូមិ (ស្ពានបេឡេ) មានបណ្តោយ២៤ម៉ែត្រ ស្ថិតនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ជាថវិការបស់រដ្ឋបាលខេត្តស្វាយរៀង ។
ប្រភពបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ជាដើម ចាប់ពីទីក្រុងដល់ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កសិផល ផលិតផលរបស់ប្រជាពលរដ្ឋ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។
ប្រភពបានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន បើទោះបីជាមិនទាន់បានបំពេញតម្រូវការ ១០០% របស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែ រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងខិតខំជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ និងពីក្រុងស្រុកមួយទៅក្រុងស្រុកមួយក្នុងខេត្តឲ្យរឹតតែល្អប្រសើរឡើង ។
ទន្ទឹមនេះ អាជ្ញារធខេត្តបានក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ផងដែរ ព្រោះថាសំណើសំណូមពរមួយចំនួនគឺខេត្តមិនអាចដោះស្រាយបានភ្លាមៗនោះទេ អាស្រ័យដោយពេលវេលា និងធនធានថវិកាមានកម្រិត ប៉ុន្តែរដ្ឋបាលខេត្ត មិនបានទុកសំណើណាមួយដោយមិនយកមកដោះស្រាយនោះឡើយ គឺខិតខំស្វះស្វែងរកការគាំទ្រ កៀរគរការចូលរួមពីសប្បុរសជន ក្រុមការងារ ជាពិសេសស្នើសុំទៅក្រសួងស្ថាប័នពាក់ព័ន្ធ ជាក់ស្ដែងដូចជាស្ពានដែលកំពុងដំណើរការសាងសង់នាពេលនេះជាដើម ៕