សវនាការ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង​ ០០២/០១​ ផ្អាក​ដោយសារ​តែ​ជនជាប់ចោទ​ នួន​ ជា​ បញ្ជា​មេធាវី​ខ្លួន​មិន​ឱ្យ​ចូលរួម​សវនាការ

ចែករំលែក៖

​ភ្នំពេញ​៖​ អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម​បាន​បើក​សវនាការ​លើ​បណ្តឹងសាទុក្ខ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​ ដោយសារ​តែ​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ នួន​ ជា​ មិន​ចូលរួម​ ក្នុង​ដំណើរការ​សវនាការ​តាម​ការ​បញ្ជា​របស់​ជនជាប់ចោទ​។

ECH_6202

​ជនជាប់ចោទ​ នួន​ ជា​ ដែល​ ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សេចក្តីថ្លែងការណ៍​នៅ​អំឡុង​សវនាការ​ បាន​លើក​ឡើង​ថា​លោក​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​នីតិវិធី​រួម​មាន​សេចក្តីសម្រេច​នានា​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ដែល​សម្រេច​មិន​កោះហៅ​​សាក្សី​បន្ថែម​និង​បាន​ចោទប្រកាន់​ក្រុម​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ថា​មាន​ភាព​លម្អៀង​ដូច​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ដែរ​ដោយ​មិន​បាន​កោះហៅ​សាក្សី​ថ្មីៗ​បន្ថែម​ទៀត​មក​សាកសួរ​តាម​សំណើ​របស់​គាត់​និង​បាន​បញ្ជា​ឱ្យ​មេធាវី​កុំ​ឆ្លើយ​ទៅ​នឹង​រាល់​សំណួរ​របស់​ភាគី​ពាក់​ពន្ធ​នានា​និង​បញ្ជា​មិន​ឱ្យ​ចូលរួម​នៅ​ក្នុង​ដំណើរការ​​សវនាការ​លើ​បណ្តឹងសាទុក្ខ​។​

​លោក​ នេត្រ​ ភក្ត្រា​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា​ ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​មួយ​រយៈ​រួច​មក​ក្នុង​ចំណោម​ចៅក្រម​ជាតិ​និង​អន្តរជាតិ​ទាំង​៧​រូប​របស់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​លោក​គង់​ស្រ៊ី​ម​ប្រធាន​អង្គ​​ជំនុំជម្រះ​តុលាការ​កំពូល​បាន​ចេញ​នូវ​សេចក្តីសម្រេច​ផ្ទាល់មាត់​មួយ​ដោយ​ផ្អាក​ដំណើរការ​សវនាការ​លើ​បណ្តឹងសាទុក្ខ​ដែល​គ្រោង​ធ្វើ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​នេះ​ និង​រង់ចាំ​ការ​សម្រេច​លើ​កាលបរិច្ឆេទ​ថ្មី​នៃ​ថ្ងៃ​​សវនាការ​នា​ពេល​សម​ស្រប​និង​បាន​បញ្ជា​ឱ្យ​អង្គភាព​គាំពារ​ការពារ​ក្តី​ត្រូវ​ធ្វើការ​ស្វែងរក​មេធាវី​បម្រុង​សម្រាប់​ការពារ​ក្តី​ឱ្យ​លោក​ នួន​ ជា​។​ចំណែក​ការ​អវត្តមាន​របស់​មេធាវី​ការពារ​ក្តី​ នួន​ ជា​ទាំង​ពីរ​រូប​ គឺ​លោក​ សុ​ន​ អា​រុណ​ និង​​លោក​វ៉ិ​ក​ទ័​រ​ កូ​ប៉េ​ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ យល់​ឃើញ​ថា​គឺជា​ការ​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​ដែល​នាំ​ឱ្យ​មាន​វិធានការ​ខាង​វិន័យ​ ហើយ​អង្គ​ជំនុំជម្រះ​នឹង​ចេញ​សេចក្តីសម្រេច​នេះ​ក្នុង​ពេលវេលា​សម​ស្រប​។​

​គួរ​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ដែល​ជា​ថ្ងៃ​ទី​១​ នៃ​ការ​បើក​សវនាការ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង​០០២/០១​ សហ​មេធាវី​អន្តរជាតិ​ការពារ​ក្តី​លោក​ នួន​ ជា​ គឺ​លោក​វិក​ទ័​រ​កូ​ប៉េ​បាន​អវត្តមាន​ពី​បន្ទប់​សវនាការ​។​

​លោក​នួន​ជា​បាន​ថ្លែងប្រាប់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ថា​លោក​បាន​ណែនាំ​មេធាវី​វិក​ទ័​រ​កូ​ប៉េ​មិន​ឱ្យ​មាន​វត្ត​មាននៅ​ក្នុង​សវនាការ​និង​គាត់​ចង់​ចាក​ចេញពី​បន្ទប់​សវនាការ​បន្ទាប់​ពី​ការ​ថ្លែង​របស់​គាត់​និង​ថា​គាត់​បាន​ណែ​​នាំ​មេធាវី​សុ​ន​អា​រុណ​ឱ្យ​ចាកចេញ​ផង​ដែរ​។​បន្ទាប់​ពី​ការ​បញ្ចប់​ការ​ថ្លែង​របស់​នួន​ជា​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​ថា​ពុំ​មែន​អាស្រ័យ​លើ​ជនជាប់ចោទ​ទេ​ដែល​សម្រេច​ថា​មេធាវី​តើ​ត្រូវ​មាន​វត្ត​មាននៅ​ក្នុង​បន្ទប់​​សវនាការ​ដែរ​ឬ​យ៉ាងណា​នោះ​។​ ជនជាប់ចោទ​ មិន​ត្រឹមតែ​មាន​សិទ្ធិ​មាន​វត្តមាន​ព្រមទាំង​មាន​កាតព្វកិច្ច​មាន​វត្តមាន​អាស្រ័យ​ដោយ​មានការ​អនុញ្ញាត​របស់​អង្គ​ជំនុំជម្រះ​។​មេធាវី​ការពារ​ក្តី​សុ​ន​អា​រុណ​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​វត្ត​​មាននៅ​ក្នុង​បន្ទប់​សវនាការ​បើ​ទោះបីជា​ខ្លួន​មិន​មាន​បំណង​ធ្វើ​សារ​ណា​លើ​បញ្ហា​នេះ​ទៀត​ក៏​ដោយ​ហើយ​ប្រសិនបើ​គាត់​ជ្រើសរើស​យក​ការ​អវត្តមាន​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​មាក់ងាយ​តុលាការ​។​

​ចំពោះ​ការ​ផ្អាក​ដំណើរការ​សវនាការ​លើ​បណ្តឹងសាទុក្ខ​ នៅ​ពេល​នេះ​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ លោក​ នេត្រ​ ភក្ត្រា​ បាន​ថ្លែង​ថា​ វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កាលបរិច្ឆេទ​នៃ​ការ​រំពឹង​ទុក​របស់​អង្គ​ជំនុំជម្រះ​តុលាការ​ កំពូល​ក្នុង​ការ​ប្រកាស​សាលដីកា​ស្ថាពរ​លើ​សំណុំរឿង​ ០០២/០១​ នេះ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ត្រីមាស​

​ទី​២​ ឆ្នាំ​ ២០១៦​ នោះ​ទេ​ ហើយ​លោក​ថ្លែង​ថា​ទោះបីជា​ពេល​នេះ​មិន​មាន​សវនាការ​ តែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ បាន​និង​កំពុង​ពិនិត្យ​ទៅ​លើ​ឯកសារ​ជា​ច្រើន​ទាក់ទង​នឹង​បណ្តឹងសាទុក្ខ​នេះ​។​ បណ្ដឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​ របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ប្រកា​ល​កាលពី​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​ ២០១៤​មាន​ទំហំ​ធំធេង​ និង​ស្មុគស្មាញ​ ប្រសិនបើ​ប្រៀបធៀប​នឹង​កិច្ច​ដំណើរការ​នីតិវិធី​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ​ដែល​រង​ការ​ចោទប្រកាន់​នោះ​។​

​សារ​ណា​ ប្រ​តិ​ចារិក​សវនាការ​ និង​ភស្ដុ​តាង​ជា​ឯកសារ​នៃ​សំណុំរឿង​ដែល​ជា​មូលដ្ឋាន​សម្រាប់​កិច្ច​ដំណើរការ​នីតិវិធី​មាន​ចំនួន​រាប់រយ​ពាន់​ទំព័រ​។​ បន្ថែម​លើ​នេះ​ទៀត​ ម្ចាស់​បណ្ដឹងសាទុក្ខ​ បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ជាង​ ៣៧០​ នៅ​ក្នុង​បណ្ដឹងសាទុក្ខ​ ដោយ​រួម​បញ្ចូល​ទាំង​បញ្ហា​ដែល​ពុំ​បាន​កើតឡើង​នៅ​ក្នុង​សាលក្រម​ខ្លួនឯង​ផង​ដែរ​ ប៉ុន្ដែ​បាន​កើតឡើង​ នៅ​ក្នុង​ពេល​កិច្ច​ដំណើរការ​នីតិវិធី​ជំនុំជម្រះ​។​ នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​ បាន​ធ្វើ​បណ្ដឹងសាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដោយ​ម្នាក់ៗ​បាន​លើក​ទ​ឡ្ហិ​ករ​ណ៍​បណ្ដឹងសាទុក្ខ​ចំនួន​២២៣​ និង​១៤៨​ រៀងៗ​ខ្លួន​។​ បន្ថែម​លើស​ពី​នេះ​ សហ​ព្រះរាជអាជ្ញា​វិញ​ បាន​ដាក់​បណ្ដឹងសាទុក្ខ​ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រកាស​ដោយ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ទាក់ទង​នឹង​ភាព​អាច​អនុវត្ត​បាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម​ ដែល​ហៅ​ថា​ “​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី​ III”​ (JCE)​ នៅ​ចំពោះ​មុខ​ អ​.​វ​.​ត​.​ក​ ៕

...

ECH_6152ECH_6126ECH_6103ECH_6110

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print