ខេត្តកណ្តាល៖ បុរសជនជាជនជាតិចិនម្នាក់មានមុខរបរជាមេការសំណង់ត្រូវគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គ្រាដែលបុរសរូបនេះមានអការៈត្រជាក់ចុងដៃត្រជាក់ចុងជើងនិងចុកទ្រូង ។
ក្រោយពីទទួលបានព័ត៌មានថា មានជនបរទេសស្លាប់ក្នុងភូមិសាស្ត្រស្រុកអង្គស្នួល សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកណ្តាល សហការជាមួយក្រុមគ្រូពេទ្យខេត្ត ,នគរបាលជំនាញស្រុកនិងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យកោសល្យវិច្ច័យលើសាកសពជនរងគ្រោះ ។ សមត្ថកិច្ចនគរបាលជំនាញ និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារជម្ងឺខ្យល់គ មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាលបានប្រគល់សាកសពជនរងគ្រោះទៅស្ត្រីជាប្រពន្ធជនជាតិខ្មែរចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ជាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរ ជាមេការជាងសំណង់ មានប្រពន្ធឈ្មោះ កែវ វ៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបកប្រែភាសារចិន បច្ចុប្បន្នស្នាក់នៅក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
លោកអធិការបន្តថា នៅមុនពេលកើតហេតុស្ត្រីបានក្រោកពីដំណេកនៅម៉ោង៦ព្រឹក ដើម្បីដាំទឹកឆុងកាហ្វេឲ្យប្តីផឹកដូចសព្វមួយដង បន្ទាប់ពីឆុងកាហ្វេបានហើយស្ត្រីជាប្រពន្ធបានដាស់បុរសជាប្តីឲ្យផឹកស្រាប់តែលូកដៃទៅជើង និងដៃប្តីមានអការៈត្រជាក់ខុសប្លែកពីធម្មតា ។ មិនតែប៉ុណ្ណោះជនរងគ្រោះមានអការៈចុកទ្រូងរហូតសន្លប់បាត់បង់ស្មារតី ។ ឃើញសភាពមិនស្រួលស្ត្រីជាប្របន្ធបានពឹងពាក់អ្នកជិតខាងឲ្យជួយដឹកបុរសជាប្តីយកទៅសង្គ្រោះនៅគ្លីនិកឯកជនថ្នល់ទទឹង ខណៈធ្វើដំណើរដល់ពាក់កណ្តាលផ្លូវប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់តែម្តង ។
លោកវរសេនីយ៍ទោ មាន សំណាង បានបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនខាងលើនេះគ្មានលិខិតឆ្លងដែននោះទេ តែមានសំបុត្របញ្ជាក់កំណើតផ្តល់ដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះរូបនេះបានរៀបការជាមួយស្ត្រីឈ្មោះ កែវ វ៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកបកប្រែភាសារចិន រស់ស្នាក់នៅក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល តាំងពីអំឡុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះគ្មានកូននោះទេ ៕
ដោយ៖ ស្អាងជ័យ