ខេត្តតាកែវ ៖ កម្មកររោងចក្រដេរស្បែកជើង ប៊ុន តឺស ប្រមាណ៣០០នាក់បានដួលសន្លប់ ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៩កក្កដានេះ ស្ថិតក្នុងភូមិខ្លាគ្រហឹមឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការដួលសន្លប់នេះត្រូវបានគេអះអាងថា ផ្តើមឡើងពីកម្មការិនីម្នាក់ នៅផ្នែក ស្រេះឡេវ ដៃចូលក្នុងម៉ាស៊ីនស្រែកឡើងបង្កឲ្យភ្ញាក់ផ្អើលដល់កម្មការីនីផ្សេងៗទៀតភ័យ ស្លន់ស្លោរហូតដល់សន្លប់ ។
លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានប្រាប់ថា «ពិតជាមានកម្មករ-កម្មការិនីរោងចក្រដេរស្បែកជើង ប៊ុន តឺស ជាង២០០នាក់ បានដួលសន្លប់ជាប់បន្តបន្ទាប់ នៅ ព្រឹកថ្ងៃចន្ទទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ» ។
លោកបញ្ជាក់ថា ករណីនេះផ្តើមចេញពីកម្មការិនីម្នាក់ បានគាបដៃជាមួយម៉ាស៊ីដេរ ហើយ បានស្រែកបន្លឺឡើង ស្រាប់តែកម្មករផ្សេងទៀតឃើញ ភ័យរន្ធត់បណ្តាលឲ្យដួលសន្លប់ជាបន្តបន្ទាប់តែម្តង ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវបានដឹងថា «ការដួលសន្លប់របស់កម្មករ បន្ទាប់ពីកើតមានកម្មករម្នាក់ធ្វើការមានរបួសត្រូវចំដៃបែកឈាម ក៏បណ្ដាលកម្មកដទៃភ័យស្លន់ស្លោរដួលសន្លប់ជាបន្តបន្ទាប់» ។
លោកថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ខាងជំនាញពាក់ព័ន្ធបានចាត់បញ្ជូនជន រងគ្រោះដែលដួលសន្លប់ទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីសង្គ្រោះអស់ ហើយដែរ ៕ នគរដ្រេហ្គន