តែងខ្លួនជាព្រះសង្ឃដើរបិណ្ឌបាតនៅក្រុងតាខ្មៅត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស៥នាក់បានយកស្បង់ចីវរយកមកគ្រោងលើរាងកាយក្លែងខ្លួនជាព្រះសង្ឃដើរបិណ្ឌ​បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយតម្រូវឲ្យប្រជាពលរដ្ឋដាក់បាត្រចំនួន៤ម៉ឺនរៀលក្នុងប្រជាពលរដ្ឋម្នាក់ៗ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យ ក៏ប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមច្បាប់ ។

20151117012046

ករណីឃាត់ខ្លួនសង្ឃក្លែងក្លាយនេះបានធ្វើឡើងកាលពិវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ដែលក្លែងខ្លួនជាសង្ឃនោះ ទី១-ឈ្មោះ លី ឆែឡាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិស្ម ឃុំត្រពាំងស្រែក ស្រុកមេសាង ខេត្តព្រៃវែង ទី២-ឈ្មោះ រី ស៊ឺត ភេទប្រុស អាយុ៣១ឆ្នាំ ទី៣-ឈ្មោះ សម្បត្តិ ខេមរា ភេទប្រុស អាយុ២៧ឆ្នាំ ទី៤-ឈ្មោះ ព្រាប ប្រុសវី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥-ឈ្មោះ ឡុង សាន ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះមានទីលំនៅក្នុងភូមិស្រះលើ ឃុំពពែល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន បាត្រលោកចំនួន០៥ ,ឆ័ត្រតូចចំនួន០៥ ,ស្បង់ចីវរចំនួន០៥កំផ្លេ ,សំពត់ងូតចំនួន០៥ ,ថង់យាមចំនួន០៥ ,សំបុត្របុណ្យកឋិនទានវត្តគីរីវង្សចំនួន១២សន្លឹក ,ប្រាក់ដុល្លារចំនួន១០ដុល្លារ និងប្រាក់រៀលចំនួន១៨៧.៧០០រៀលផងដែរ ។

ប្រភពដដែលបានបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកហូរថា មានការសង្ស័​យទៅលើព្រះសង្ឃចំនួន៥អង្គនិមន្តបិណ្ឌបាតតម្រូវឲ្យប្រជាពលរដ្ឋដាក់បាត្រ ក្នុងម្នាក់ៗ៤ម៉ឺនរៀល ដើម្បីយកបច្ច័យទៅទិញត្រៃយ៍ធ្វើបុណ្យកឋិនទាននៅវត្តក្រពើហារ ។ បន្ទាប់ពីទទួលបានព័ត៌មានរួចមក សមត្ថកិច្ចនគរបាលក្រុងតាខ្មៅនិងមន្ត្រីសង្ឃក្នុងសាលាអនុគុណក្នុងវត្តក្រពើហារបានចុះទៅនិមន្តព្រះសង្ឃចំនួន៥អង្គទៅកាន់សាលាអនុគុណ ។

ក្រោយពីនិមន្តទៅកាន់សាលាអនុគុណដឹងថា ជាសង្ឃក្លែងក្លាយ ព្រះឃោសធម្ម ញ៉ែម សុភក្រ្ត័ ជាព្រះអនុគុណខេត្តកណ្តាល និងមន្រ្តីសង្ឃក្នុងសាលាគុណ ព្រមទាំងប្រធានការិយាល័យធម្មការក្រុងតាខ្មៅ បានសម្រេចធ្វើពិធីដោះស្បង់ចីវរចេញពីជនសង្ស័យទាំង៥នាក់ខាងលើនេះ ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់ ។

ជនសង្ស័យទាំង៥នាក់ខាងលើនេះបានសារភាពថា នៅមុនពេលចាប់ខ្លួនពួកគេបាននាំគ្នាត្រឡប់មកពីធ្វើកម្មករឯប្រទេសថៃ ។ ពេលមកដល់ភ្នំពេញគ្មានលុយនៅជាប់ខ្លួនក៏ចូលទៅស្នាក់នៅក្នុងវត្តច្បាអំពៅ ពេលនោះបានឃើញស្បង់ចីវរព្រះសង្ឃហាលចោលនៅក្នុងវត្តក៏បែកគំនិតនាំគ្នាលួច ហើយទៅឲ្យជាំងកាត់សក់កោសក់ចេញ ដើម្បីក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត ខណៈកំពុងបិណ្ឌបាតមិនទាន់បានលុយប៉ុន្មានផងក៏ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ៕

20151117012029 (1) 20151117012029

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print