ភ្នំពេញ ៖ លោកស្រីកិត្ដិសង្ហហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ទំនាក់ទំនងកម្ពុជា-ចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរ លង់អស់ពេលប្រហែល២០០០ ឆ្នាំមក ហើយ បើគិតពីដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង រាជទូតចិន ដែលបានទៅបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសម័យហ៊្វូណន។ ក្រោយមកទៀត ក៏មានទស្សនកិច្ចរបស់លោក ជីវ តាក្វាន់ ទៅកាន់រាជធានីអង្គរ ដោយលោកបាននាំត្រឡប់មកកាន់ប្រទេសចិនវិញនូវការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរដូចមាន កត់ត្រាយ៉ាងច្បាស់នៅក្នុងឯកសាររបស់លោក ដែលមានចំណងជើងថា ប្រពៃណីរបស់អ្នកស្រុកចេនឡា។
នេះគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងមិនឤចកាត់ថ្លៃបានរវាងប្រទេស និងប្រជាជនទាំងពីរ។
លោកស្រី ម៉េន សំអន បានបញ្ជាក់បែបនេះ ខណៈលោក ស្រី ចូលរួម ក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រសិក្សាភាសាចិនកម្រិតបឋមជូនដល់សិក្ខាកាម មន្ត្រីរាជការក្រសួង ទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន២៥នាក់កាលពីថ្ងៃអង្គារ ១៣រោច ខែបឋមមាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នៅក្រសួង។ដោយមានការចូលរួមពីលោក ហ្ស៊ុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឧបត្ថម្ភដោយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាផងដែរ ។
លោក លោក ហ្ស៊ុង ប៉ បានបញ្ជាក់ថា៖ វិទ្យាស្ថានខុងជឺត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងរាជបណ្ឌិតសភាកម្ពុជា និងវិទ្យាស្ថានខុងជឺ មានទីស្នាក់ការកណ្ដាលនៅទី ក្រុងប៉េកាំង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ស្លាកវិទ្យាស្ថានត្រូវបានបើកសម្ពោធនៅរាជធានីភ្នំពេញក្រោមអធិបតីសម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ស៊ី ជឹនពីងប្រធានាធិបតីចិន
គិតមកដល់ពេលបច្ចុប្បន្ននេះ វិទ្យាស្ថានមានទីស្នាក់ការនៅរាជបណ្ឌិតសភាកម្ពុជា និងមានស្នាក់ការនៅ(១)-រាជធានីភ្នំពេញ (២)-ខេត្តកណ្ដាល (៣)-ខេត្តតាកែវ (៤)-ខេត្ដកំពង់ស្ពឺ(៥)-ខេត្តព្រះសីហនុ (៦)-ខេត្តបន្ទាយមានជ័យ (៧)-ខេត្តសៀមរាប (៨)-បានដំបង (៩)-ខេត្តត្បូងឃ្មុំ (១០)-ខេត្តព្រះវិហារ។ វិទ្យាស្ថានបានបើកថ្នាក់រៀនជូនមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័នមានដូចជា៖អគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា (២)-ទីស្ដីការគណៈរដ្ឋមន្ត្រី ៣ក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៤)-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (៥)-ក្រសួងការពារជាតិ (៦)-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្រោមការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសទាំង០២ កម្ពុជា-ចិនក្នុងគោលបំណ ង រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា វិទ្យាស្ថានបាន៖ ១)-បង្ខិតថ្នាក់រៀនភាសាចិនដល់ទីកន្លែង, បង្រៀនប្រកបដោយគុណភាព ២)-បង្កើនចំនួនអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនតាមរយៈសញ្ញាបត្រHSKនិងHSKK ស្រប តាមគោលនយោបាយជាយុទ្ធសាស្ត្រ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” (៣)-ពង្រីកឱកាសការងារនៅក្នុងប្រទេសជូនដល់សិក្ខាកាម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថាន ក្រុមហ៊ុន សហគ្រាសនានារបស់ចិននៅកម្ពុជា (៤)-ទាក់ទាញបរិមាណភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាកាន់តែច្រើនស្របតាមយុទ្ធសាស្ត្រ China Ready របស់ក្រសួងទេសចរណ៍។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្រោមការដឹក នាំរបស់ សម្តេចព្រះនរោត្តម សីហនុ និង លោកប្រធាន ម៉ៅ សេទុងប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នា នាថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ រៀងរហូតមក។ កិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានលើកកម្ពស់នេះទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ ២០១០ មក។កម្ពុជាតែងតែគាំទ្រនយោបាយការបរទេសចិន ជាពិសេស គោលនយោបាយចិនតែមួយ និងគំនិតផ្តួចផ្តើមស្តីពី ការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ ។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងចិនបានកើនឡើងយ៉ាងឆាប់រហ័ស ជា មធ្យម២៦%ក្នុងមួយឆ្នាំៗ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់៤,៨ ប៊ីលានដុល្លារឤមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទំហំ ៨៣០ លានដុល្លារឤមេរិក និងការនាំចូលមានប្រមាណ ៣,៩ ប៊ីលានដុល្លារឤមេរិក។ ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតមកដល់ឆ្នាំ ២០១៦ សន្និធិវិនិយោគរបស់ចិនបានកើនឡើងដល់៥,១ ប៊ីលាន ដុល្លារឤមេរិក ដែលផ្តោតទៅលើវិស័យមួយចំនួន រួមមាន កម្មន្តសាល សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី។ នៅឆ្នាំ២០១៦ ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាមានចំនួន៨៣០ ពាន់នាក់ កើនឡើងប្រមាណ ២០% ប្រៀបទៅនឹងឆ្នាំ ២០១៥។
ដោយឡែក នៅក្នុងផ្នែកហិរញ្ញប្បទានដើម្បីការអភិវឌ្ឍ កម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ ទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់៤,២ ប៊ីលានដុល្លារឤមេរិក គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០១៧ នេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម សុខាភិបាល និងអប់រំ ។ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ ប្រទេសទាំងពីរបានបេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួនលើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជ កម្មទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម ៕ សំរិត