ព្រឹត្តិការណ៍សំខាន់ៗនៅតំបន់មជ្ឈិមបូព៌ានាថ្ងៃនេះ, សង្គ្រាម ទ្រង់ទ្រាយធំរវាងប្រទេសអីុស្រាអែល នឹងស៊ីរី អាចផ្ទុះឡើង, ប្រទេសអីុរ៉ង់ស្នើអឺរ៉ុបការពារឲ្យរួចផុតពីទណ្ឌកម្មរបស់អាមេរិក

ចែករំលែក៖

អីុស្រាអែលបានប្រកាសថា នឹងប្រតិ កម្មយ៉ាងចាស់ដៃបើមានកម្លាំងទាហាន ស៊ីរី ណាមួយចូលទៅកាន់តំបនគ្មានយោធានៅព្រំដែនហ្គោឡែន ។ ក្រោយពេល ដែលទទួលបានជ័យជម្នះនៅខេត្ត Dara’a កម្លាំងទាហានស៊ីរី ក្រោមការជួយអន្តរា គមន៍ពីរុស្ស៊ី បានត្រៀមលក្ខណៈវាយ ប្រហារជាទ្រង់ទ្រាយធំទៅលើក្រុមបះបោរនៅខេត្ត Quneitra ជាប់ព្រំដែនជាមួយ អីុស្រាអែល ។ ចំណុចទាំងនោះអាចជំរុញឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំនៅតំបន់ ខ្ពងរាបហ្គោឡែន។

រដ្ឋាភិបាលទីក្រុង Damascus តែងតែចាត់ទុកតំបន់ខ្ពង់រាបហ្គោឡែន គឺស្ថិតនៅ ក្នុងខេត្ត quneitra របស់ស៊ីរី។ ចំណែកអីុស្រាអែលបានដណ្តើមគ្រប់គ្រងមួយផ្នែកធំនៃតំបន់យុទ្ធសាស្ត្រខាងលើចាប់តាំងពីកិច្ចព្រមព្រៀង ដកទាហានចេញពីតំបន់ នេះនៅឆ្នាំ១៩៧៤ និងរក្សាតំបន់គ្មានយោធារហូតមកទល់បច្ចុប្បន្ន។
អីុស្រាអែល បង្ហាញក្តីបារម្ភថា ប្រធា នាធិបតីស៊ីរី អាល់អាសាដ អាចនឹងឲ្យអីុរ៉ង់ និងកម្លាំងប្រដាប់អាវុធ ហេសប៊ូឡាសហ៍ នៅលីបង់ធ្វើដំណើរទៅកាន់តំបន់ជាប់ព្រំដែន គំរាមកំហែងដល់អីុស្រាអែល។ រដ្ឋាភិបាលអីុស្រាអែលបានប្រឆាំងរាល់សកម្មភាពយោធានៅជិតតំបន់គ្មានយោធានៅព្រំដែនខាងលើ។រដ្ឋមន្ត្រីក្រសួងការពារជាតិ អីុស្រាអែល បានប្រកាសកាលពីថ្ងៃទី៩ ខែកក្កដាថា កិច្ចព្រមព្រៀង ដកទាហាន នៅឆ្នាំ១៩៧៤ ចាំបាច់ត្រូវតែគោរព រាល់ការបំពានណាមួយនឹងត្រូវទទួលរងការ ប្រតិកម្មយ៉ាងចាស់ដៃបំផុតពីអុីស្រាអែល។
ពាក់ព័ន្ធនឹងស្ថានភាពនៅស៊ីរីនេះដែរ ក្រោយពេលទទួលបានជ័យជម្នះ នៅខេត្ត Daraa ពលរដ្ឋស៊ីរីជាង ២សែននាក់បាន វិលត្រឡប់ចូលទៅរស់នៅកន្លែង ដែលខ្លួនធ្លាប់រស់នៅក្នុងខេត្តនេះដដែល។

ទីភ្នាក់ងារចិនស៊ីនហួចេញផ្សាយ នៅ ថ្ងៃអង្គារ ទី១០ ខែកក្កដានេះ បានឲ្យដឹងថា មនុស្សជាង២០០.០០០នាក់ បានត្រឡប់ ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងខេត្ត Daraa ភាគខាងត្បូងកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីកងទ័ពស៊ីរី បានពង្រីកការគ្រប់ គ្រងរបស់ខ្លួន និងបានកាន់កាប់ ៧២ ភាគរយនៃខេត្តនេះ។
យោងតាមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា ប្រជាជនបានត្រឡប់ទៅ ផ្ទះវិញ បន្ទាប់ពីរត់ភៀសខ្លួនទៅកាន់ព្រំដែនស៊ីរី-ហ្ស៊កដានី ដោយសារការវាយប្រហារ យោធា ដែលបានអូសបន្លាយចាប់តាំងពីថ្ងៃទី១៩ ខែមិថុនាមក។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅទី ក្រុងឡុងបាននិយាយថា កងទ័ពស៊ីរីបាន បន្តដាក់ពង្រាយ តាមបណ្តោយព្រំដែន ស៊ីរី-ហ្ស៊កដានី ប្រឆាំងនឹងក្រុមឧទ្ទាម ដែលមានទំនាក់ទំនងជាមួយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមIS នៅឡើយ ។
មួយថ្ងៃមុនកងទ័ពស៊ីរី បានកាន់កាប់ ទីប្រជុំជន និងមូលដ្ឋានទ័ពនៅតំបន់ ដាច់ស្រយាល ភាគខាងលិចនៃទីក្រុង Daraa គឺធ្វើឡើងនៅបន្ទាប់ពីការប្រយុទ្ធគ្នា ជាមួយពួកឧទ្ទាមដែលបានប្រកាសច្រានចោលកិច្ចព្រមព្រៀងដែលគាំទ្រដោយរុស្ស៊ី ដើម្បីដោះស្រាយស្ថានភាពនៅទីនេះ។
អីុរ៉ង់ អំពាវនាវដល់អឺរ៉ុប ជួយការពារឲ្យរួចផុតពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក
នាវាដឹកទំនិញធំបំផុតនៅលើពិភព​លោក បានប្រកាសថា កំពុងតែចាកចេញ ពីអីុរ៉ង់ ដោយភ័យខ្លាចជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក។ ប្រធានា ធិបតីអីុរ៉ង់ លោក រ៉ូហានីបានស្នើដល់ បណ្តាប្រទេស អឺរ៉ុប ចាំបាច់ត្រូវតែ ធ្វើការងារច្រើនជាងនេះដើម្បីទប់ទល់នឹងទណ្ឌ កម្មរបស់អាមេរិក។

ក្រុមហ៊ុន CMA CGM របស់បារាំងបាន ប្រកាសថា នឹងដកខ្លួនចេញពីកិច្ចព្រម​ព្រៀង ជាមួយអីុរ៉ង់ គឺជាការខកចិត្តយ៉ាងខ្លាំងចំពោះការខិតខំរបស់អីុរ៉ង់ ក្នុងការ​បញ្ចុះបញ្ចូលឲ្យអឺរ៉ុប បន្តរក្សាក្រុមហ៊ុនវិនិយោគនៅក្នុងទឹកដីអីុរ៉ង់ដដែល។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន ប្រកាស ហាមបណ្តាប្រទេសជុំវិញពិភព លោក ឈប់ទិញប្រេងពីអីុរ៉ង់នៅខែវិច្ឆិកានេះ បើមិនដូច្នោះទេនឹងស្ថិតនៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់អាមេរិក។

រដ្ឋមន្ត្រីការបរទេស ៥ប្រទេសដែល បន្តរក្សាកិច្ចព្រមព្រៀងជាមួយអីុរ៉ង់ មាន អង់គ្លេស បារាំង អាល្លឺម៉ង់ ចិននិងរុស្ស៊ី បានសម្រេចលើកឡើងនូវវិធានការសេដ្ឋកិច្ចចំពោះអីុរ៉ង់ ក្រោយអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ។ ប៉ុន្តែអីុរ៉ង់ បានបញ្ជាក់ថា បណ្តាប្រទេសអឺរុ៉ប មិនទាន់ធ្វើសកម្មភាពគ្រប់គ្រាន់នៅឡើយទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print