លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត បង្រៀនបំប៉ន់សិស្សត្រៀមប្រឡងបាក់ឌុបនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី

ចែករំលែក៖

មណ្ឌលគិរីៈ លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី បានអញ្ជើញជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត បង្រៀនបំប៉ន់សិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សា ទុតិយភូមិនៅវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែបឋមាសាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសនេះផងដែរ លោកស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្ស ឱ្យមានចំណេះដឹង និងទទួលបានជោគជ័យ ជាពិសេស ការប្រឡងមធ្យមសិក្សា ទុតិយភូមិក្នុងរយៈពេលបីឆ្នាំ កន្លងទៅនេះ ខេត្តមណ្ឌលគិរី ទទួលបានចំណាក់ថ្នាក់លេខ១ជាប់ៗគ្នា។

ជាងនេះទៅទៀតលោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការស័្មគ្រចិត្ត បង្រៀនសិស្សត្រៀមប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សានុសិស្ស មានមូលដ្ឋានគ្រឹះក្នុងការសិក្សា និងស្វែងយល់នូវមេរៀនថ្មីៗបន្ថែមទៀត។

ក្នុងនោះផងដែរ លោកអភិបាលខេត្តបានជម្រុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខ ត្រូវខិតខំមើលមេរៀននៅក្នុង កម្មវិធីសិក្សា និងរៀនបំប៉ន់ឱ្យគ្រប់ពេលវេលា ដើម្បីទទួលបាននិទ្ទេសល្អ និងកំណើនចំណេះដឹងខ្ពស់បន្ថែមទៀត។

លោកបានបានណែនាំដល់ សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាបន្ថែមទៀត ហើយចៀសអោយឆ្ងាយអំពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាផងដែរ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ទឹម សង្វាត បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ សម្រាប់វិទ្យាល័យទាំង៥ក្នុងខេត្តមណ្ឌលគិរី មានសិស្សានុសិស្សសរុបចំនួន៤១៦នាក់ ដែលត្រៀមមកប្រឡងនៅ មណ្ឌលវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕  ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print