បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តទៅបុករថយន្តចតស្ងៀម៣គ្រឿង រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿបោះពួយយ៉ាងលឿនទៅបុករថយន្តដែល ចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវ ចំនួន៣គ្រឿង រងការខូចខាត យ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលម៉ោងជិត១០យប់ ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១០៧(សុកហុក) ខាងមុខផ្ទះលេខ២៦២ លក់គ្រឿងទេសនិងភេសជ្ជ: គ្រប់មុខយីហោ បេ យូអេង ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q.6976 បោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវលេខ១០៧ (សុកហុក) ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុបានរេចង្កូតមកឆ្វេងដៃទៅបុករថយន្តកាមរីស្វិត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E.3632 ដែលចតស្ងៀមនៅចិញ្ចើមផ្លូវបណ្តាលឲ្យបែកស្តុបខាងឆ្វេង អស់មួយចំហៀង។ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM.6937បណ្តាលឲ្យរថយន្ត ហាយលែនឌ័រ វិលមួយជុំខ្ទាតទៅកណ្តាលថ្នល់ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅមុនទៀតទៅបុករថយន្ត ឡង់គ្រឺស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P.9877 ដែលចតនៅមុខផ្ទះលេខ ២៦២Eo ក្បែរចិញ្ចើមផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្ត ឡង់គ្រឺស័រ ថយក្រោយទៅបុកផ្ទប់បង្គោលភ្លើង រងការខូចខាត ផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។

ចំណែឯរថយន្តបង្ករងការខូចខាតផ្នែខាងមុខស្ទើរតែទាំងស្រុង ម្ចាស់រថយន្តបង្កពេលដែលបង្កគ្រោះថ្នាក់ហើយបានចុះពីលើរថយន្ត ដើរទ្រេតទ្រោតពេលនោះក៏មានសាច់ញាតិមកអូសដៃចូលផ្ទះ ពីព្រោះផ្ទះជនបង្កនៅជិតនោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៏ទំនាក់ទំនងជំនាញចរាចរក្រុងចុះមកវាស់វែងយក រថយន្តទាំងអស់ទៅរក្សាទុកនៅចរាចរផ្លូវគោកស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕  ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print