បុគ្គលិកចាក់សាំងសូគីមិចម្នាក់ ដេកស្លាប់លើគ្រែផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលជាបុគ្គលិកចាក់ប្រេងឥន្ទនៈសូគីមិចបានដេកស្លាប់លើគ្រែក្នុងបន្ទប់របស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលភ្លាមៗក្រោយទទួលបានព័ត៍មានពីពលរដ្ឋរាយការណ៍ ។

ករណីមនុស្សដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខ លើគ្រែក្នុងបន្ទប់ដេក ផ្លូវទំនប់កប់ស្រូវតូច សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ នី វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកចាក់ប្រេងការ៉ាសាំងសូគីមិច យីហោ ម៉ី ភៀវ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ នី វិច្ឆិកា បានទៅកន្លែងធ្វើការដូចសព្វមួយដង រហូតដល់ម៉ោង ១៧និង៣០នាទីល្ងាចទើបឈប់សម្រាក់នឹងបានទៅផ្ទះ។ លុះនៅថ្ងៃទី១៣ខែឆ្នាំដដែល វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ គា ថាវី (ត្រូវជាម្តាយមីងជនរងគ្រោះ) បានស្រែកហៅជនរងគ្រោះឲ្យទៅធ្វើការ តែមិនលឺជនរងគ្រោះឆ្លើយតបទើប ឈ្មោះ គា ថាវី (ត្រូវជាម្តាយមីងជនរងគ្រោះ) ក៏ដើរទៅមើលនៅក្នុងបន្ទប់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ បង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាតែម្តង។

មន្រ្តីដដែលបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានចុះទៅដល់ទីតាំងកើតហេតុ និងបានរាយការណ៍មកផ្នែកជំនាញ ចុះមកពិនិត្យជាក់ស្តែង។ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ស្តាប់ការបភ្លឺជុំវិញទីកន្លែងកើតហេតុ និងតាមការពិនិត្យផ្ទាល់របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច្ច័យរាជធានីភ្នំពេញ និងការពិនិត្យផ្ទាល់របស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យបច្ចេកទេសកោសល្យវិច្ច័យរាជធានីភ្នំពេញ សពគឺពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print