ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវិទ្យាល័យ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល បានរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨” ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ដោយបានការអញ្ជើញជាអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីសំណាក់ព្រះសង្ឃ កងកម្លាំងទាំង៣ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាគមន៍សង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន DARAC និងប្រជាពលរដ្ឋសរុបជាង ២០០០អង្គ/នាក់។
លោក នៃ ចារី អភិបាលរងខេត្តកណ្តា បានមានប្រសាសន៏ក្នុងពិធីនេះថា ប្រទេសកម្ពុជារបស់យើង ក៏ដូចជាខេត្តកណ្តាល មិនមែនជាកន្លែងផលិតគ្រឿងញៀនទេ ដោយសារតែឥទ្ធិពលនៃការផលិត និងការចរាចរណ៏គ្រឿងញៀន នៅក្នុងពិភពលោក ធ្វើឲ្យពួកឧក្រិដ្ឋជនគ្រឿងញៀនធំៗរិះរកគ្រប់កលល្បិច មធ្យោបាយ ដើម្បីប្រើប្រាស់ប្រទេសកម្ពុជាយើងធ្វើជាកន្លែងចរាចរឆ្លងកាត់ ដឹកជញ្ជូន រក្សាទុក និងកែឆ្នៃផលិតគ្រឿងញៀនសម្រាប់បន្តនាំចេញទៅប្រទសទី៣ និងជួញដូរ ចែកចាយ ប្រើប្រាស់មួយចំនួននៅក្នុងប្រទេសផងដែរ ដែលនាំឲ្យប្រជាជនយើងមួយចំនួន ពិសេសស្រទាប់យុវជនលង់ខ្លួនប្រើប្រាស់ ក្លាយជាអ្នកញៀន និងអ្នកបង្កនូវផលលំបាក ជាច្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
លោកបានបន្ថែមទៀតថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហាយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធ ពិសេសកងកម្លាំងប្រដាប់អាវុធ មន្រ្តីតុលាការ និងប្រជាពលរដ្ឋផ្ទាល់ រួមគ្នាក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឲ្យខានតែបាន កុំឲ្យគ្រឿងញៀននេះចូលមកដល់ភូមិឃុំរបស់យើង ព្រោះបើយើងធ្វើការបង្ក្រាប និងទប់ស្កាត់កុំឲ្យគ្រឿងញៀនចូលមកក្នុងភូមិឃុំរបស់យើង នោះក្រុមយុវជនរបស់យើង ក៏មិនបានស្គាល់ឬប្រើប្រាស់គ្រឿងញៀននោះដែរ ដែលនាំឲ្យសង្គមជាតិរបស់យើង ក្លាយទៅជាសង្គមដែលគ្មានគ្រឿងញៀន ជាសង្គមដែលមានភាពថ្លៃថ្នូរ និងសង្គមដែលពោរពេញទៅដោយធនធានមនុស្ស ។
បើតាមរបាយការណ៏៦ខែដើមឆ្នាំរបស់លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា កម្លាំងនគរបាលទូទាំងខេត្តបានបង្ក្រាករណីគ្រឿងញឿនបាន២០៧ករណី ឃាត់ខ្លួនជនសង្ស័យបាន៣៤៧នាក់ ស្រី១៧នាក់ ក្នុងនោះជនជាតិខ្មែរ-ឥស្លាម០៥នាក់ និងជនជាតិវៀតណាម១នាក់ ចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) ចំនួន១០៣៦កញ្ចប់ ស្មើរទម្ងន់១០៨៤,៩១ក្រាម, MDMA(Estacy) ១៤គ្រាប់ ស្មទម្ងន់៤,៩០ក្រាម, កញ្ឆាក្រៀម០៧,១៧ក្រាម និងសម្ភារពាក់ព័ន្ធមួយចំនួន ៕