នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ ប្រទេសអង់គ្លេស លោកប្រធានាធិបតី អាមេរិកដូណាល់ ត្រាំរងការធ្វើបាតុកម្ម ប្រឆាំងយ៉ាងខ្លាំងពីពលរដ្ឋអង់គ្លេស ។ ក្រៅពីនេះ អ្នកនយោបាយជើងចាស់អង់ គ្លេស គឺអតីតសមាជិកព្រឹទ្ធសភា បាន និយាយថា«លោកត្រាំ ធ្វើខ្លួនដូច ជាងបង ធំ ជើងកាង»។
សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចរិត ជាមេជើងកាង តាមរយៈការទទូច និងទាម ទារឲ្យសម្ពន្ធមិត្ត NATO ចាយលុយឲ្យកាន់តែច្រើនថែមទៀតទៅក្នុងអង្គការនេះ។
លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងឡុងដ៍នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែល រួមមានការជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ព្រមទាំងការចូលគាល់ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ទីពីរ។ មុនពេលមកដល់ ចក្រភពអង់គ្លេស លោក ត្រាំ បានឲ្យដឹងថា លោកមិនខ្វល់ពីការធ្វើបាតុកម្មប្រឆាំងរូបលោកនៅទីនេះឡើយ និងបាននិយាយ ថែមទៀតថា តាមពិតរូបលោកមានប្រជាប្រិយទៅវិញទេនៅក្នុងចំណោមមហាជនអង់គ្លេស ដោយសារតែគោលជំហរលើ បញ្ហាអន្តោប្រវេសន៍របស់ខ្លួន។
អតីតសមាជិកសភាអង់គ្លេស និងជាសកម្មជនមិនគាំទ្រសង្រ្គាមលោក ចច ហ្គាល់ ឡូវេ (George Galloway) បានលើក ឡើងយ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ បានមកកាន់អឺរ៉ុបដោយធ្វើចរិតដូចជាមេ បងធំ ដោយទាមទារអ្នករាល់គ្នាបង្កើនកញ្ចប់ថវិកាយោធារបស់ពួកគេ… និយាយរួមទៅ គឺបានប្រព្រឹត្តខ្លួនដូចជើងកាង»។
គួរជម្រាបថា បន្ទាប់ពីបញ្ចប់ដំណើរ ទស្សនកិច្ចនៅអង់គ្លេស លោក ត្រាំ និង ភរិយា នឹងបន្តដំណើរឆ្ពោះទៅកាន់ស្តុតឡែននាចុងសប្តាហ៍នេះ ហើយនៅទីនោះ ដូចជានៅអង់គ្លេសដែរ និងមានពលរដ្ឋ ស្កុតឡែនធ្វើបាតុកម្មត្រៀមស្វាគមន៍រូបលោកទៀត៕ ម៉ែវ សាធី