ប្រទេសចិន៖ រដ្ឋាភិបាលចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ ប្រើប្រាស់ពលរដ្ឋអាមេរិក ដើម្បីទប់ទល់និងសង្គ្រាមពាណិជ្ជកម្ម ដែលបង្ករឡើងដោយអាមេរិក។ នៅថ្ងៃទី១៣ខែកក្កដា ចិនបានជម្រុញឲ្យក្រុមហ៊ុន រកសុីនៅក្នុងប្រទេសចិន រួមគ្នាជម្រុញឲ្យរដ្ឋាភីបាលអាមេរិក ជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនខ្លួន បើមិនដូច្នោះទេ នឹងទទួលរងការខាតបង់ជាច្រើន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា«យើងខ្ញុំសង្ឃឹមថា បណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងរកសុីនៅចិន នឹងជម្រុញឲ្យរដ្ឋាភីបាលរបស់ខ្លួនជួយការពារផលប្រយោជន៍ របស់ខ្លួន នឹងបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម»។ បច្ចុប្បន្នអាមេរិក ចិន មិនមានសកម្មភាពពិភាក្សាណាមួយនៅឡើយ លើវិស័យពាណិជ្ជកម្ម ។ លក្ខណះនៃកិច្ចពិភាក្សាគឺត្រូវតែមានទំនុកចិត្តគ្នា ប៉ុន្តែនៅពេលនេះភាគីទាំងពីរ មិនទាន់ទំនាក់ទំនង ដើម្បីពិភាក្សាលើវិបត្តិពាណិជ្ជកម្មនោះឡើយ។
សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរបានចាប់ផ្តើមនៅថ្ងៃទី៦ខែកក្កដា ដោយអាមេរិកបានសម្រេច តម្លើងពន្ធ ២៥ភាគរយ ទៅលើមុខទំនិញ៨១៨មុខនាំចូលពីប្រទេសចិន។ ទីក្រុងប៉េកាំងក៏បានសម្រេច វាយបកវិញភ្លាម ៗដោយតម្លើងពន្ធនាំចូលផលិតផលពីអាមេរិក ៥៤៥មុខផងដែរ។
រដ្ឋាភិបាលអាមេរិកបានធ្វើឲ្យសង្គ្រាមកាន់តែតានតឹង ក្រោយពេលដែលប្រធានាធិបតីដូណាលត្រាំ នៅថ្ងៃទី១០ខែកក្កដា បានប្រកាសត្រៀមលក្ខណះតម្លើងពន្ធ ១០ភាគរយបន្ថែមទៀត ទៅលើផលិតផលចិនដែលមានទឹកប្រាក់២០០ពាន់លានដុល្លារ ។ ចិនក៏បានប្រកាសតបតវិញ ផងដែរបើអាមេរិក នៅតែបន្តសកម្មភាព ជាឯកតោភាគីនោះ៕
ដោយ៖ មែវ សាធី