ភ្នំពេញ៖ អស់រយៈពេលជាង៤ឆ្នាំដែលតារាសម្តែងឌុច សុភាបានបាត់មុខពីការងារសិល្បៈ។ នាង ស្រាប់តែលេចមុខមាត់ជាថ្មីក្នុងភាពយន្តភាគថ្មីដ៏គួរឲ្យចាប់ះអារម្មណ៍មួយរបស់ផលិតកម្មហង្សមាស ហើយពេលនេះនាងក៏កំពុងតែត្រៀមចេញថតភាពយន្តថ្មីមួយទៀតផងដែរ។
អតីតតារាសម្តែងជួរមុខ ឌុច សុភា លេខមុខក្នុង រឿងភាគថ្មី”ផ្កាថ្ម” ដែលធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលខ្លាំងព្រោះតែឈុតឆាកសម្តែងជាតួកូនភ្លោះសម្តែងពីររសជាតិ ទាំងកម្សត់និងកាចឆ្នាសឆ្នើម ដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តខ្លាំងនិងសរសើរពីទេពកោសល្យសម្តែងដ៏ល្អរបស់នាងទោះខកខានសម្តែងអស់ជាច្រើនឆ្នាំក្តី។ ការសម្តែងនេះក៏បានធ្វើឲ្យគេនឹកឃើញដល់ភាពលេចធ្លោររបស់នាងខ្លាំងកាលពី១០ឆ្នាំមុន ហើយនៅតែអាចធ្វើឲ្យការចាប់អារម្មណ៍មកលើនាងជាថ្មីទោះនាងមានវ័យច្រើនបន្តិចក៏ដោយ។ ប្រភពពីសិល្បករជិតដិតនឹងតារាស្រីរូបនេះបញ្ជាក់ថាដោយមើលឃើញពីភាពជោគជ័យនេះ ផលិតករផលិតកម្មដដែលបានផ្តល់ឱកាសឲ្យតារាស្រីរូបនេះគ្រងតំណែងជាតួឯកស្រីជាថ្មីក្នុងភាពយន្តភាពយន្តភាគថ្មីមួយដែលផលិតករកំពុងដុតដៃដុតជើងផលិតយ៉ាងសម្រិតសម្រាំងមិនឲ្យចាញ់ភាពយន្តមុននោះទេ។ ប្រភពបន្តថាក្រៅពីទទួលបានឱកាសថ្មីនាងក៏ទទួលបានតម្លៃខ្លួននៃការថតមិនតិចនោះទេពោលគឺអាចខ្លាំងជាងគ្រាដែលនាងនៅក្រមុំថែមទៀតផង។
ការវិលមកកាន់ការងារសិល្បៈជាថ្មីរបស់តារាស្រីរូបនេះគឺស្របពេលដេលជីវិតសិល្បៈ និងរឿងរ៉ាវឯកជនជាច្រើនរបស់នាងបានស្ងប់ស្ងាត់ខ្លាំង និងធ្វើឲ្យទស្សនិកជនគិតថាតារាស្រីកូនមួយរូបនេះចាកចេញពីសិល្បៈលែងនឹកនាំបាត់ទៅហើយ៕ ដោយ វឌ្ឍនា