ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូហុងដាឌ្រីមសេ១២៥ ២គ្រឿង បានបុកគ្នា បណ្ដាលឱ្យរបួសស្រាលៗទាំងសងខាង ប៉ុន្ដែភាគីទាំងសងខាងដណ្ដើមគ្នាត្រូវ ត្រូវបាននគរបាលចរាចរណ៍ក្រុងពោធិ៍សាត់អូសយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាជាក្រោយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង ៥.១២នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពពត៌មានជុំកន្លែងកើតហេតុនិយាយស្រដៀងៗគ្នាថា គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-9675បើកបរដោយឈ្មោះ ប៉ុន វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានបុកម៉ូតូ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1B-9936 បើកបរដោយឈ្មោះ ហ៊ឹង សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឱ្យរងរបួសស្រាលទាំងសងខាង ។
ប្រភពបន្តថាគេឃើញភាគីទាំងសងខាង ហាក់បីដូចជាគ្មានអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក គិតតែជជែកដណ្ដើមគ្នាត្រូវ គ្រានោះក៏នគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ មកអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តការដោះស្រាយគ្នាតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន