រថយន្ដដឹកដីក្រុមហ៊ុនចិនបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្ដសៀមរាប៖ បុរសម្នាក់ត្រូវឡានដឹកដីរបស់ក្រុមហ៊ុនចិន បើកបុកពេញទំហឹង បណ្ដាល​ឲ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ​ខណៈដែលជនរងគ្រោះ ជិះម៉ូតូធ្លាក់ជង្ហុកដួល​លើផ្លូវក្នុងដំណើរ​ច្រាស​ទិសគ្នា រីឯអ្នកបើកឡានបានប្រឹងបើករត់ដែរតែត្រូវសមត្ថកិច្ចដេញតាមក្របួចជាប់ ។

image-def78a98262c541dd69064ed9452a9d61d76a3b86681e980cb7f614852e1b59c-V

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២និង៤០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតលើដងផ្លូវគ្រួស​ក្រ​ហម​លេខ២៦៦ ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ។

សាក្សីបានឲ្យដឹងថា នៅពេលវេលាម៉ោង២ និង៤នាទីរសៀល ជនរងគ្រោះ បានជិះម៉ូតូដឹកប្រពន្ធ​មកទិសជើង ប៉ុន្ដែពេលធ្វើដំណើរ ម៉ូតូបានធ្លាក់ជង្ហក់ ហើយដួល ស្រាប់តែរថយន្ដដឹកដីក្រុមហ៊ុនចិនបាន បើកបញ្ច្រាសទិសគ្នាបុកនិងកិនតែម្ដង ស្របពេលដីហុយខ្លាំងមើលផ្លូវមិនឃើញផង ។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា  ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍មានឈ្មោះ ឆេង សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិអូរ ឃុំខ្វាយស្រុកជីក្រែងបើកបរម៉ូតូម៉ាក​ហុងដាសេ១២៥​ សេរីឆ្នាំ​២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1T-4010 ក្នុងដំណើរពីត្បូងទៅជើង។ ចំណែកឡាន​ដឹកដីប្រភេទ​បែនដែលបង្កមាន ពណ៌លឿងពាក់ស្លាកលេខAT153.0025បើកបរដោយឈ្មោះតាន់ ផង ភេទប្រុស អាយុ៣៥ឆ្នាំមានស្រុកកំណើតបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនរបស់ចិនដែលកំពុងធ្វើផ្លូវទំនប់ម្កាក់ក្នុងស្រុកជីក្រែង ។

សមត្ថកិច្ចបានបន្ដថា បុរសរងគ្រោះ​បានជិះ​ម៉ូតូពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុម៉ូតូនោះ​បានធ្លាក់ជង្ហុកដួលហើយ​ស្របពេលជាមួយ​គ្នា​នោះមាន​រថយន្តប្រភេទបែនដឹកដីបើកយ៉ាងលឿនក្នុងដំណើរច្រាសទិសគ្នា ក៏បានបុកហើយ​កិនស្លាប់​ភ្លាមៗនៅនឹងកន្លែងតែម្តង ។ បន្ទាប់ពីកើតហេតុតៃកុងឡានព្យាយាមបើតរត់គេច ប្រមាណជាង១០គីឡូម៉ែត្រ​ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចប៉ុស្តិ៍នគរបាលឃុំខ្វាវតែម្តង ។

លោកបានបញ្ជាក់ថា បន្ទាប់ពីប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យ រថយន្តបង្កនិងម៉ូតូរងគ្រោះគឺបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកតៃកុងដែលបានឃាត់ខ្លួនគឺបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៏ខេត្តដើម្បីចាត់ការបន្ត រីឯគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការនគរ​​បាលស្រុកដោយ​ទាមទារប្រាក់ជម្ងឺចិត្តចំនួន៣៥០០ដុល្លារនិងសុំថ្លៃជួសជុល​ម៉ូតូនិងយកមកធ្វើបុណ្យតាមប្រពៃណី ។

គួរបញ្ជាក់ថា នៅតាមបណ្ដោយផ្លូវពីស្រុកជីក្រែមានរថយន្ដដឹកដីក្រុមហ៊ុនជាច្រើនគ្រឿង បានធ្វើ​ចរាចរណ៍ ដោយមានដីហុចខ្លាំង បណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាបន្ដបន្ទាប់ និងបានប៉ះពាល់ដល់​សុខ​ភាពពលរដ្ឋខ្លាំងផងដែរ ៕

image-0d973e1c7216c46a9a2f8647e3cedc4854e80ba95f3ed3819019f2b34970d931-V 12249872_1703558626541452_7796191516892550978_n

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print