ភ្នំពេញ៖ កញ្ញា សំ ថារ័ត្នដែលគេស្គាល់ថាជាកីឡាការិនីថ្នាក់ជាតិផ្នែកល្បុក្កតោ និងជាកូនស្រីកវីល្បីឈ្មោះ លោក អ៊ុំ ដរ៉ា បានពោលពាក្យយ៉ាងកម្សត់លាយឡំដោយទឹកភ្នែក ព្រោះតែស្ថានភាពជំងឺឪពុកហាក់មិនធូរស្បើយ។ ទោះជាយ៉ាងណានាងនៅតែមិនទាន់អស់សង្ឃឹម ទេគឺនៅតែបន្តព្យាយាមស្វែងរកការព្យាបាលព្រោះតែសង្ឃឹមថាឪពុកនឹងអាចងើបឈរឡើងវិញបាន។
បិតាវីយូឡុង អ៊ុំ ដរ៉ា ធ្លាប់ល្បីឈ្មោះខ្លាំង នៅក្នុងអំឡុងទសវត្សឆ្នាំ៦០ លោកបាននិពន្ធបទចម្រៀងជាច្រើន ហើយបទចម្រៀងដែលល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្នមានដូចជា បទចម្រៀងរបស់លោកសិន ស៊ីសាមុតមានបទ“រូបអូនហ្នឹងហើយ” ទ”ថ្ងៃណាមានសង្ឃឹម” បទច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា មានបទ “ឈប់ស្រលាញ់អូនទៅ” “នេះឬផលបុណ្យ?” “ស្រលាញ់អូនដល់ណា” “ចាស់ជូរឯម” ជាដើម។ ភាពល្បីល្បាញរបស់លោកហាក់មិនបានធ្វើឲ្យជីវភាពរស់ក្នុងភាពស្រណុកសុខស្រួលសមនិងកេរ្តិ៍ឈ្មោះសោះព្រោះតែវ័យឈានដល់៧៩ឆ្នាំ ហើយក៏ កំពុងមានជំងឺប្រចាំកាយឈឺផ្នែកឆ្អឹងត្រគាក ខាងឆ្វេងដើរមិនរួចជាច្រើនឆ្នាំមកហើយ។ ទោះបីជាមានជំងឺប្រចាំកាយជាយូរ កូនស្រីកវីឆ្នើមរូបនេះថ្លែងទាំងមិនអស់សង្ឃឹមថានាង និងក្រុមគ្រួសារបានសម្រេចចិត្តសាជាថ្មី ដែលផ្ដល់ការព្យាបាលឆ្អឹង ឪពុកនាង ទៅអោយលោកវេជ្ជបណ្ឌិតខ្មែរបុរាណ ព្រោះថាទៅមើលពេទ្យវិទ្យាសាស្ត្រ គេលែងទទួលព្យាបាលឆ្អឹងលោកពុកហើយ ដោយសារពុកចាស់ជ្រុល ហើយខ្សោយមិនអាចទប់ទល់បាននូវការអនុវត្តព្យាបាលរបស់ពេទ្យទេ។ ដូច្នេះ មានតែវិធីអាគមផ្សំអាយុ ដែលប្រហែលនឹងអាចជួយឪពុកនាងបាន។ នាងថាថ្លៃព្យាបាលក៏អស់មិនតិចដែរអាចដល់ទៅ ២ពាន់ដុល្លារអាមេរិកឯណោះ។ ទោះបីជាមិនមានលទ្ធភាពប៉ុន្តែនាងចង់តស៊ូនឹងការងារជាច្រើនតាមតែអាចធ្វើបានព្រោះតែកូនៗចង់ឃើញឪពុកឈរបាន មានតែត្រូវប្រឹងរកលុយ។ ទោះបីជានាងស្ថានភាពជំងឺឪពុកមិនដូចដើម១០០ភាគរយ ក៏យ៉ាងហោចណាស់ ក៏អាចធ្វើឲ្យឪពុកនាងបានថយការឈឺចាប់ និងក្រោកឈរបានវិញ និងចង់អោយពុក អង្គុយអោយបានយូរ និងកូតវីយូឡុងអោយពួកនាងស្ដាប់ទៀត។ នាងថាបើឪពុកនាងឈរបានវិញមែន នាងនឹងសុំគេ ឡើងឆាកតន្ត្រីណាមួយជាមួយគ្នា ហើយឪពុកនាងលេងវីយូឡុង ហើយនាងជាអ្នកច្រៀង ។ នាងពោលទាំងទឹកភ្នែកថា”អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិត ដើម្បីជាជនគំរូ សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងអោយកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដីវោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើរ ដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ”។ នាងថាស្ថានភាពគ្រួសារយើងពីមុន វេទនា ឥឡូវនេះពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយក្ដីសុខបំផុត។ នាងតែងត្រលប់ទៅមើលរូបថត និងអនុស្សាវរីយ៍លោកពីមុនៗ ស្រក់ទឹកភ្នែក ស្ដាយ ស្ដាយពុកប្រញាប់ធ្លាក់ខ្លួនឈឺ ពុកអត់ទាន់បានដេញធាក់កូនៗអោយរៀនភ្លេងរៀននិពន្ធអីផង។ ក៏មិនដែលលឺពុកអួតប្រាប់កូនមួយម៉ាត់ថា “ ឪពីមុនល្បីដែរណា! អួតមួយម៉ាត់ពីរអី អត់អាលីង”។
នាងបន្តថាលោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករោយចង្កេះ ឈឺក្បាល ស្រ្តេស ព្រោះឪប្រើខួរក្បាលគិតច្រើន”។ នាងថា” រឿងធ្វើការបំរើជាតិ គឺកូនគិតថា កូនដើរផ្លូវជាមួយឪ អ៊ីចឹង សូមឪ និងម៉ែ កុំខកចិត្តអី៕
ដោយ វឌ្ឍនា