ខ្មាន់កាំភ្លើង បាញ់រះជាច្រើនគ្រាប់លើក្រុមជនជាតិចិន បណ្ដាលឲ្យរបួសធ្ងន់៤នាក់ នៅហាងស៊ុបយីហោ “ស៊ីហ៊ូ” ក្រុង

ចែករំលែក៖

ព្រះសីហនុព្រះសីហនុៈ ជនជាតិចិនមួយក្រុម បានរងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៤នាក់ នៅក្នុងភោជនីយដ្ឋានយីហោ “ស៊ីហ៊ូ” កណ្ដាលក្រុងព្រះសីហនុ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីយប់មិញ។ យ៉ាងណា អត្តសញ្ញាណខ្មាន់កាំភ្លើង និងមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់បានដឹងនៅឡើយទេ ដោយរហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ សមត្ថកិច្ចកំពុងស្វះស្វែងធ្វើការស្រាវជ្រាវ។

សេចក្ដីរាយការណ៍កថា ខ្មាន់កាំភ្លើងមួយក្រុម បានចូលទៅបើកការបាញ់រះជាច្រើនគ្រាប់ ទៅលើក្រុមជនជាតិចិន ដែលបានចូលទៅបរិភោគអាហារនៅភោជនីយដ្ឋាន “ស៊ីហ៊ូ” បណ្ដាលឲ្យជនជាតិចិន៤នាក់ ត្រូវរងរបួសធ្ងន់។

ក្រោយធ្វើសកម្មភាពរួច ក្រុមខ្មាន់កាំភ្លើងបានឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅគ្លិនិកឯកជន សេតេ ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច ក្រោយទទួលព័ត៌មានពីការបាញ់ប្រហារនេះ។

ហេតុការណ៍បាញ់ប្រហារលើក្រុមជនជាតិចិន ជាភ្ញៀវទេសចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃច័ន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ចំណុចហាងស៊ុបយីហោ “ស៊ីហ៊ូ” ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមភ្នាក់ងាររបស់យើង ជនរងគ្រោះជនជាតិចិនទាំង៤នាក់ រួមមាន ទី១-ឈ្មោះ Zhang Kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ ខ្មាន់កាំភ្លើងបាញ់ត្រូវចំនួន២គ្រាប់ ត្រង់ភ្លៅខាងស្តាំ, ទី២-ឈ្មោះ Yang Huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ បាញ់ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ, ទី៣-ឈ្មោះ Yang Junqing ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរទេសចរណ៍ បាញ់ត្រូវចំនួន៣គ្រាប់ ត្រង់ភ្លៅឆ្វេង១គ្រាប់, កំភួនជើងខាងឆ្វេង១គ្រាប់ និងភ្លៅស្តាំ១គ្រាប់ និងទី៤-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរទេសចរណ៍ បាញ់ត្រូវចំនួន២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។ ជនរងគ្រោះទាំង៤នាក់ ស្នាក់នៅសណ្ឋាគារខ្សាច់មាស។

ទោះជាបែបណា រហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ សមត្ថកិច្ចនៅមិនទាន់អាចកំណត់ពីអត្តសញ្ញាណខ្មាន់កាំភ្លើងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចជំនាញខេត្តទេសចរណ៍មួយនេះ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ដោយឡែក សមត្ថកិច្ចក៏បានរកឃើញសម្បកគ្រាប់កាំភ្លើងចំនួន៤គ្រាន់ផងដែរ នៅកន្លែងកើតហេតុ ខណៈជនរងគ្រោះឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេមិនស្គាល់ក្រុមជនដៃដល់ទេ៕​ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print