អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះរុះរើផ្ទះពលរដ្ឋចេញពេលទឹកទន្លេមេគង្គកំពុងហក់ឡើងខ្លាំងនិងបាក់ច្រាំង

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ផ្ទះប្រជាពលរដ្ឋរស់នៅជួរមាត់ទន្លេមេគង្គជាច្រើនខ្នង កំពុងរងកាគំរាមកំហែង ដោយទឹកទន្លេហក់ឡើងបណ្តាលឲ្យបាក់ច្រាំងជិតដល់ផ្ទះនៅខេត្តត្បូងឃ្មុំដោយ គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបានហក់ឡើងក្នុងមួយយប់ជិតកន្លះម៉ែត្រឯណោះ ធ្វើឲ្យកម្ពស់ទឹកកើនឡើងកម្ពស់១២.១៥ម៉ែត្រ ធៀបនឹងថ្ងៃ២៨ ខែកក្កដា ២០១៨ទឹកឡើង០.៣៨ម៉ែត្រ គឺខ្ពស់ជាងឆ្នាំមុនដែលមានកម្ពស់ទឹកត្រឹមតែ១១.៥៤ម៉ែត្រប៉ុណ្ណោះ។

នគរបាល ប៉ុស្តិ៍ ជីរោទិ៍១ បានឲ្យដឹងថា ដោយស្ថានភាពទឹកទន្លេមេគង្គ បានហក់ឡើងខ្លាំង បង្កផលប៉ះពាល់ បាក់ច្រាំងទន្លេ នៅចំណុចវត្តរកាធំ ឃុំជីរោទិ៍ទី១ទំហំ១០០ម៉ែត្រ ជម្រៅ១០ម៉ែត្រ និងនៅភូមិទួលគរ ឃុំទន្លេ​បិទ ទំហំ៤ម៉ែត្រទៅ៥ម៉ែត្រ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បូងឃ្មុំ បណ្តាលឲ្យបាក់ស្រុតបង្គន់សង់ពីបេតុងចាស់ៗ មិនប្រើប្រាស់ចំនួន២ បានបាក់ចូលក្នុងទន្លេ ដែលអាចបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋប្រមាណ៥គ្រួសារទៀត ។ ដោយឡែក នៅចំណុចផ្លូវលំ ឃុំឈូក ឆ្ពោះទៅកាន់ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ត្រូវបានទឹកជន់លិចមិនអាចធ្វើដំណើរបាន។

ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ បែន រ័ត្ន បានដាក់ចេញនូវវិធានការបន្ទាន់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំ ដល់អធិការដ្ឋានក្រុង-ស្រុក ពិសេសត្រូវប្រមូលផ្តុំកម្លាំងត្រៀម ចុះជួយប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងទន្លេ និងផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយសង្គ្រោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពតាមការជាក់ស្តែង។ ជាមួយគ្នានេះដែរ កម្លាំងនគរបាល និងកងរាជ អាវុធហត្ថ ជាច្រើននាក់បាន រួមកម្លាំងគ្នាជួយសែងផ្ទះប្រជាពលរដ្ឋដែលរងដោយការគំរាមបាក់ ច្រាំងដល់សសរផ្ទះ ទៅដាក់កន្លែងសុវត្ថិភាពផងដែរ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print