ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើ ការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្នលើជនជាតិ ចិន៣នាក់ បន្ទាប់ពីសាកសួរ ពាក់ព័ន្ធនឹងបទប៉ុនប៉ងឃាតកម្ម ។ នេះបើតាមលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។
ជនសង្ស័យជនជាតិចិនទាំង៣នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ នៅមុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ឋិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីពួកគេបាននាំគ្នាធ្វើសកម្មភាពយកដែកគាស់ថ្នាំងអំពៅ វាយលើរថយន្តស្ត្រីម៉ាកកាមរីបាឡែន ព័ណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-1659 ឲ្យខូចខាត និងរងរបួសធ្ងន់ធ្ងរ ។
លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញអោយដឹងថាជនជាតិចិន ៣នាក់ត្រូវបានសម្រេច ចេញដីកាបង្គាប់អោយ ឃុំខ្លួនបណ្តោះអាសន្ន ពីបទមនុស្សឃាត យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ជនជាតិចិនទាំង៣នាក់ ១-ឈ្មោះ ZOU XINAN ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ទីលំនៅសព្វថ្ងៃភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ២-ឈ្មោះ QIU XINGJIE ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅសព្វថ្ងៃនៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៣-ឈ្មោះ HU XUEHUA ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅសព្វថ្ងៃនៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្បែកជើងទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្កាត់មនោរម្យ ខណ្ឌ៧ មករារាជធានីភ្នំពេញ ៕ ជាយក្រុង