ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈដែលពួកគេបានរក្សាទុកនៅសារធាតុញៀនខុសច្បាប់ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥តាមបណ្តោយផ្លូវសហពន្ធ័រស្ស៊ី ស្ថិតក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួននោះទី១មានឈ្មោះ ឌឹម ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរធ្វើសំណង់ ស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះអឹម សក្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី៣ឈ្មោះ សូ ទួច ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថាមុននឹងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះគឺកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខបានធ្វើការល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំណុចខាងលើឃើញជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវS ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AR-0365 មានការសង្ស័យក៍ឃាត់ឆែកឆេហើយរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចទើបធ្វើការឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាក់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ តុង សីហា