ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យការងារបូមទឹកដាក់អាងស្តុកទឹក ប្រឡាយមេ និងបឹង-ព្រែកធម្មជាតិនានា ជូនប្រជាកសិករ

ចែករំលែក៖

កំពង់ធំ៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្តចុះពិនិត្យការងារបូមទឹកដាក់អាងស្តុកទឹក ប្រឡាយមេ និងបឹង-ព្រែកធម្មជាតិនានា ជូនប្រជាកសិករក្នុងខេត្តកំពង់ធំ សម្រាប់ធ្វើការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង ។
លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងឱ្យដឹងថា ការងារបូមទឹកដាក់អាងស្តុកទឹក ប្រឡាយមេ និងបឹង-ព្រែកធម្មជាតិ នៅក្នុងខេត្តកំពង់ធំ គិតចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការរហូតមកដល់ពេលនេះ ក្រុមការងាររបស់ក្រសួង និងមន្ទីរ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ១៨ គ្រឿង និងម៉ាស៊ីនបូមទឹកខ្នាតតូចរបស់សហគមន៍ទំនប់ ដែលមាននៅនឹងកន្លែងស្រាប់ សរុបចំនួន ២៨៦ គ្រឿង ។ លោកបន្តថា យុទ្ធនាការនេះ បាន និងកំពុងធ្វើនៅក្នុងក្រុងស្រុកចំនួន ០៤ រួមមាន ស្រុកស្ទោង កំពង់ស្វាយ សន្ទុក និងក្រុងស្ទឹងសែន ។
លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា កន្លងមកយើងមានការបារម្ភពីបញ្ហាទឹកសម្រាប់បង្កបង្កើនផលដំណាំស្រូវរដូវប្រាំង ពិសេសស្រូវប្រដេញទឹក ដោយសារឆ្នាំនេះទឹកបឹងទន្លេសាបមានកម្រិតទាបពេក ជាហេតុធ្វើឱ្យបណ្តាអាងភ្លិចទឹក និងបឹង-ព្រែកធម្មជាតិជាច្រើនកន្លែង មិនមានទឹកហូរចូលដូចរាល់ឆ្នាំនោះទេ ។ ប៉ុន្តែបន្ទាប់ពីបានអនុវត្តយ៉ាងសកម្មនូវបទបញ្ជារបស់សម្តេចតេជោ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាកសិករសម្រាប់ធ្វើស្រែចម្ការ អាងស្តុកទឹក បឹង-ព្រែកធម្មជាតិជាច្រើនកន្លែង ត្រូវបានបូមទឹកបំពេញជាបន្តបន្ទាប់ ហើយបច្ចុប្បន្នប្រជាកសិករក៏កំពុងទាញយកទឹកពីតាមបណ្តាអាងស្តុកទឹក និងបឹង-ព្រែកធម្មជាតិទាំងនោះ មកធ្វើការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗផងដែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករក្នុងខេត្តកំពង់ធំ អនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង បានចំនួន ៥.៣៩៣ ហិកតា ស្មើនឹង ១៤,៩៨ភាគរយ នៃសន្ទស្សន៍ផែនការ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សា បានចំនួន ១៩.៦៦៧ ហិកតា ស្មើនឹងជាង ០៩ភាគរយ នៃផ្ទៃដីអនុវត្តបាន ៕ 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print