ប៉ូលិសប្រទេសម៉ាឡេស៊ី ចាប់ខ្លួនជនគំរាមធ្វើ គុតព្រះមហាក្សត្រនិងសម្លាប់នាយករដ្ឋមន្ត្រី

ចែករំលែក៖

កាលពីថ្ងៃទី១៨ខែកក្កដា ប៉ូលិស ម៉ាឡេស៊ីបានផ្សាយថា បានចាប់ខ្លួន មនុស្ស៧នាក់សង្ស័យ ជាប់ពាក់ព័ន្ធនឹង ក្រុមភេរវកម្ម ក្នុងនោះមានជនសង្ស័យម្នាក់ រងការចោទប្រកាន់ថាបានគំរាមធ្វើគុតព្រះមហាក្សត្រ និងសម្លាប់នាយករដ្ឋមន្ត្រី ប្រទេសនេះ។
សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានផ្សាយថា ស្នងការ ប៉ូលិស ម៉ាឡេស៊ីលោក ម៉ូដ ហ្វូហ្ស៊ី ហារូន (Mohd Fuzi Harun) បានឲ្យដឹងថា កងកម្លាំង សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន៧នាក់ ក្នុងនោះរួមមានបុរសគ្មានការងារធ្វើម្នាក់ផងដែរ ដែលថ្លើមធំពាស មេឃហ៊ានគំរាមធ្វើគុតព្រះមហាក្សត្រ និង សម្លាប់នាយករដ្ឋមន្រ្តីលោក ម៉ាហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ព្រម ទាំងរដ្ឋមន្រ្តីម៉ាឡេស៊ីមួយរូប។

ជនសង្ស័យខាងលើរួមមានជនជាតិម៉ាឡេស៊ី៤នាក់ និងឥណ្ឌូណេស៊ី៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដ៏ក្តៅ គគុកកាលពីចន្លោះថ្ងៃទី១២ និងទី១៧ ខែកក្កដា នៅរដ្ឋតេរេងហ្គានូ (Terengganu), សេឡាងហ្គ័រ (Selangor), ភែរ៉ាក់ (Perak) និងចូហ័រ (Johor)។ អ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ គឺការចាប់ខ្លួនអ្នកគាំទ្រម្នាក់របស់ក្រុមភេរវករ ISIS នៅរដ្ឋ Johor ដែលមានពាក់ព័ន្ធក្នុងការប្រកាសសារប្រមាថលើព្រះជន្មព្រះមហាក្សត្រ និងអាយុជីវិតថ្នាក់ដឹកនាំរបស់ប្រទេសម៉ាឡេស៊ី។

គួរជម្រាបថា យោងតាមលោក Fuzi បុរសដែលថ្លើមធំពាសមេឃនេះ បាន បង្ហោះសារលើបណ្តាញ Facebook ដោយ គំរាមធ្វើគុតព្រះចៅ ស៊ុលតង់ មូ៉ហាម៉េដទី ៥ Sultan Muhammad V និងគំរាមសម្លាប់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ម៉ាហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) ព្រម ទាំងរដ្ឋមន្រ្តីម្នាក់ឈ្មោះ មូចាហ៊ីដ យូសូហ្វ រ៉ាវ៉ា (Mujahid Yusof Rawa)៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print