ភ្នំពេញ៖ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បន្តចុះអង្កេតទំនិញនៅក្នុងផ្សារដីហុយ តែរកមិនឃើញផលិតផលណា មានសារធាតុគីមីហាមឃាត់នោះទេ។
ការចុះត្រួតពិនិត្យនេះកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមការអោយដឹងពីន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានអោយដឹងថា ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះទៅពិនិត្យទំនិញនៅផ្សារដីហុយ នៅផ្សារ C Mart និងនៅស្តារម៉ាតកាល់តិច នៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី។
មន្រ្តីសាខាកាំកុងត្រូល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឱ្យដឹងទៀតថា ពេលចុះត្រួតពិនិត្យទំនិញ នៅផ្សារដីហុយខាងលើ បាន ធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារ ប្រចាំថ្ងៃចំនួន១៧គំរូ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ដូចជា៖ ម៊ី, គុយទាវ, គ្រឿងសមុទ្រស្រស់ ប្រហិតសាច់ត្រី, ជ្រក់ច្រើនប្រភេទ, សាច់ក្រក, ត្រីប្រាហើម, ខ្ញីហាន់ស្រាប់, សណ្តែកបណ្តុះ។ ជាលទ្ធផល គឺផលិតផលទាំង១៧គំរូនេះ សុទ្ធតែមានអនុលោមភាពសុវត្ថិភាពទាំងអស់(មិនមានសារជាតិគីមីនោះទេ)។
ក្នុងប្រតិបត្តិការនេះ មន្រ្តីសាខាកាំកុងត្រូល ក៏បានចុះពិនិត្យទំនិញវេចខ្ចប់រួចនៅតាមផ្សារ Star mart caltex នៅកំណាត់ផ្លូវសហព័ន្ធរុស្សី និងផ្សារ C Mart ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាលទ្ធផលពុំត្រូវបានរកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆទ កំណត់ប្រើប្រាស់ឡើយ។ ក្រុមការងារក៏បានបានចុះឃ្លាំពិនិត្យ តំលៃលក់រាយប្រេងសាំង និងម៉ាស៊ូត នៅតាមស្ថានីយឡើងវិញ ដោយពិនិត្យឃើញ៖ ថ្លៃលក់រាយប្រេងសាំងធម្មតា គឺមានតម្លៃមិនលើសពី៣,៩៥០រៀល ក្នុង១លីត្រឡើយ។ រីឯថ្លៃលក់ប្រេងម៉ាស៊ូតវិញ គឺមិនលើសពី៣,៧៥០រៀល ក្នុងមួយលីត្រឡើយ ដែលតម្លៃនេះសមស្រប ទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានេះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងណែនាំដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឱ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឱ្យនៅដាច់ពីគ្នា។
នៅក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញរកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕ ដោយ៖ តុង សីហា