ភ្នំពេញ : ស្ត្រីវ័ចំណាស់ម្នាក់តូចចិត្តមានជំងឺប្រចាំកាយជាង១ឆ្នាំប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏ឃាត់ហៅមកនិយាយណែននាំរួចសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា ឌុបតាមម៉ូតូសណ្តោងរ៉ឺម៉កមកកាន់ប៉ុស្តិ៍ជ្រោយចង្វា រង់ចាំសាច់ញាតិមកទទួល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកឡើងកាលពីម៉ោងជាង១រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ស្ត្រីដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានអាយុ ៥៨ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌដូនពេញ។
ប្រភពពត៌មានពីស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា គាត់ធ្លាប់មានប្រវត្តិដួលផ្ងារក្រោយអស់ រយ:ពេល១ឆ្នាំមកហើយ តាំងពីពេលគាត់ដួលនោះមក អាការ:ក្នុងខ្លួនរបស់គាត់ចេះតែកន្ត្រាក់ៗផ្ទៃមុខរបស់គាត់ ដូចមានអ្វីម្យ៉ាងមកចាក់ដោតអញ្ចឹង ដោយមានជំងឺប្រចាំកាយរ៉ាំរ៉ៃដូច្នេះហើយ ទើបគាត់ធ្វើដំណើរមកស្ពានជ្រោយចង្វាថ្មីប៉ងលោតទឹកសម្លាប់ខ្លួនតែម្តង។
ស្ត្រីប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកុំតែបានប្រជាពលរដ្ឋប្រទះឃើញហើយបានជួយឃាត់ទាន់ពេលវេលា ម្ល៉េះមិនដឹងថាគាត់ទៅជាយ៉ាងណានោះទេ។
បន្ទាប់ពីកើតហេតុកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វា បានឌុបគាត់តាមម៉ូតូសណ្តោងរ៉ឺម៉កមកឲ្យសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រួចសមត្ថកិច្ចក៏ទំនាក់ទំនងទៅសាច់ញាតិស្ត្រីរងគ្រោះមកទួលគាត់ត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ