ខេត្តកំពង់ឆ្នាំង៖ ឪពុកនិងកូនប្រុសបានប៉ើងផ្លោងចូលទៅក្នុងកាប៊ីនរថយន្ត បណ្តាលអោយស្លាប់ឪពុក និង កូនបាក់ជើងម្ខាង ខណៈដែលរថយន្តបាឡែនមួយគ្រឿងបានបើកបុកម៉ូតូពេញមួយទំហឹង ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ប៊ុត សាកុល អាយុ៤៣ឆ្នាំ ជាឪពុក ស្លាប់នៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតជាកូនឈ្មោះប៊ុត ហុង ភេទប្រុស អាយុ៤ឆ្នាំ រងរបួសធ្ងន់បាក់ជើងម្ខាង ទាំងឪពុកនិងកូនរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ច ពីរនាក់ឪពុកនិងកូនបានជិះម៉ូតូម៉ាកហុងដាសេ៩០ ពណ៌ទឹកប៊ិចអត់ស្លាកលេខ ក្នុងទិសដៅពីលិខទៅកើត ស្រាប់តែនៅពេលមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង ក៍មានរថយន្តតូយ៉ូតាកាមរីបាឡែន មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២Q-៦២៣៦ ក្នុងទិសដៅផ្ទុយគ្នា បើកក្នុងល្បឿនយ៉ាងលឿនបានមកបុកម៉ូតូពេញមួយទំហឹង បណ្តាលអោយឪពុកនិងកូនបានប៉ើងផ្លោងបុកចូល ទៅក្នុងកាប៊ីនរថយន្ត ហើយស្លាប់ឪពុកភ្លាមៗនៅនឹងកន្លែងកើតេហតុ ចំណែកឯកូនប្រុសត្រូវបានរងរបួសបាក់ជើងម្ខាង ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយអ្នកបើកបររថយន្តបានចុះពីលើរថយន្តរត់គេចខ្លួនតែម្តង ។
ក្រោយពេលកើតហេតុបានសមត្ថកិច្ចបានស្ទួចយករថយន្ត និង ម៉ូតូយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ចន្ថា