ខេត្តព្រះសីហនុ៖ យុវជនជាបុគ្គលិក សណ្ឋាគារ ឆ្នេរឯករាជ្យម្នាក់ បានរងរបួសសន្លប់ធំម្នាក់ឯង បន្ទាប់ពីជិះម៉ូតូធ្លាក់ជង្ហុក ដែលកំពុងជួសជុលផ្លូវថ្មី ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទីយប់ត្រង់ចំនុចកំណាត់ផ្លូវលក្បែរសណ្ឋាគារសុខា ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពសមត្ថកិច្ចចរាចរណ៍ បានអោយដឹងថា យុវជនដែលរគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បណ្តាលអោយសន្លប់ធំនេះមានឈ្មោះ នាង ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិក សណ្ឋាគារឆ្នេរ ឯករាជ្យ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ មានទីលំនៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។ នៅមុនកើតហេតុ គេបានឃើញយុវជននេះ ជិះម៉ូតូចេញពីកន្លែងធ្វើការនៅសណ្ឋាគារឆ្នេរឯករាជ្យ តាមបណ្តោយផ្លូវ០២ឆ្នូរ(ស្របមាត់សមុទ្រ ក្បែសណ្ឋាគារសុខា) ក្នុងគោលបំណងមកលំនៅដ្ឋាន ប៉ុន្តែមកដល់ចំនុចកើតហេតុ ដោយស្ថានភាពងងឹត ហើយផ្លូវមានលក្ខណៈកោងខ្លាំង រួមជាមួយជង្ហុកដ៏ជ្រៅ ដែលក្រុមវិស្វកម្មកំពុងកាយអាច៍ដីចាស់ចោលដើម្បីចាក់ដីថ្មីជួសជុលផ្លូវ(ពង្រីកផ្លូវបន្ថែម) ទើបធ្វើអោយជនរងគ្រោះជ្រុលធ្លាក់ជង្ហុកនោះ បោកខ្ទាតចម្ងាយជិត១០ម៉ែត្រសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។
ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ មានពាក្យរិះគន់ថា អ្នកជំនាញជូសជុលផ្លូវពុំគួរណាមានការធ្វេសប្រហែសសោះជុំវិញការដ្ឋានជួសជុលនេះ នៅតាមដងផ្លូវចាស់នេះគេសង្កេតឃើញ ក្រុមវិស្វករពុំបានដាក់អ្វីជាសញ្ញាសំគាល់នោះទេ ហើយកាយអាច៍ដីម្តងទាំងសងខាងជាហេតុធ្វើអោយផ្លូវរួមនៅតូច មានការពិបាកនឹងធ្វើតំណើរជាខ្លាំង។ ដោយមើលឃើញអំពីស្ថានភាពពិបាកបែបនេះ ក្រុមប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៏ដែលបានធ្វើតំណើរតាមផ្លូវនេះ សូមសំណូមពរដល់ក្រុមវិស្វករដែលកំពុងសាងសង់ គួរណាស់តែគេសម្រួល អោយបានត្រឹមត្រូវ តាមបែបលក្ខណះបច្ចេកទេស កុំធ្វើអោយតែរួចពីដៃ ចង់អ្នកណាគ្រោះថ្នាក់អីគ្រោះទៅវាជាទង្វើមិនល្អនោះទេ ៕
ដោយ៖ ឆ្លាម សមុទ្រ